(កំពង់ឆ្នាំង)៖ សិស្សានុសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន២៣នាក់ ជាសិស្សពូកែឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សពូកែប្រឡងជាប់ផ្នែកគណិតវិទ្យា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានទទួល អំណោយ និងបណ្ណសរសើរពីលោកស្រី ប៊ន សុភី តំណាងលោក ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណបក្សប្រជាជនខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង។

លោក យិន សាវ៉េន ប្រធានគណបក្សប្រជាជនក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត មានបេក្ខជនមកប្រឡងសរុប ចំនួន៤៦២នាក់ ស្រី២៥៨នាក់ ជាលទ្ធផលប្រឡងជាប់ចំនួន២៧៣នាក់ ស្រី១៦០នាក់ ស្មើនិង៥៩,១០% ក្នុងនោះនិទ្ទេស A ៧នាក់ ស្រី៣នាក់ B ចំនួន ២៤នាក់ស្រី ១៣នាក់ C ៣៦នាក់ ស្រី២៤នាក់ D ចំនួន ៨០នាក់ ស្រី៥៣នាក់ និង E ចំនួន ១២៦នាក់ ស្រី៧១នាក់។ ដោយឡែក សិស្សពូកែប្រលងជាប់គណិតវិទ្យា សម័យប្រឡងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ជាលទ្ធផលទទួលបានមេដាយប្រាក់ចំនួន៦នាក់ និងមេដាយសំរឹទ្ធចំនួន១១នាក់។

លោកស្រី ប៊ន សុភី បានណែនាំថា ប្អូនៗក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អស្ដាប់ពុកម៉ែ និងជាសិស្សពូកែត្រូវស្ដាប់គ្រូ។ ត្រូវខិតខំហាត់ពត់លត់ដំព្យាយាមតស៊ូរៀនសូត្រទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ ដឹកនាំទៅអនាគត ក្នុងស្ថាប័នជាតិដើម្បីជួយកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

ទន្ទឹមនេះដែរប្អូនៗ ត្រូវចូលរួមទាំងអស់គ្នាក្នុងការ គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំឲ្យខូចអនាគតរបស់ខ្លួន។ ត្រូវចូលរួមផ្សព្វផ្សាយប្អូនៗ នៅក្នុងក្រុមគ្រួសារ និងនៅក្នុងមូលដ្ឋានឲ្យចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា។

ដោយឡែក អំណោយរបស់លោក ស៊ុន សុវណ្ណរិទ្ធិ បានចែកជូនដល់សិស្សវិទ្យាល័យសុរាម្រឹត រួមមាន៖ សៀវភៅចំនួន២៧០០ក្បាល បានជូនដល់សិស្សនិទ្ទេស A និងសិស្សទទួលបានមេដាយប្រាក់ ទទួលបានថវិកាចំនួន១៥ ម៉ឺនរៀលសៀវភៅ ១០ក្បាល និងបណ្ណសរសើរ១ ច្បាប់ផងដែរ។ ចំណែកសិស្សទទួលបានមេដាយសំរឹទ្ធ ទទួលបានថវិកាចំនួន ១១ ម៉ឺនរៀល និងសៀវ ភៅ ១០ក្បាលផង៕