(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងបើកសវនាការជំនុំជម្រះជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ាពាក់ព័ន្ធការលុបឈ្មោះពលរដ្ឋ៥នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត។

ប្រជាពលរដ្ឋចំនួន៥រូប ត្រូវបានក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ បានសម្រេចលុបឈ្មោះពួកគេចេញពីបញ្ជីបោះឆ្នោត។ ប្រជាពលរដ្ឋទាំង៥រូបនេះ រួមមាន៖ ១. ដួង វិចិត្រ ភេទប្រុស កើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៥៥, ២. អ៊ុន សុគន្ធី ភេទស្រី កើតថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៥៥, ៣. ដួង ចិន្ដាមុនី ភេទស្រី កើតថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៦, ៤. ដួង វិរៈ ភេទប្រុស កើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៨៨, ៥. ដួង វិសាល ភេទប្រុស កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៤។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាត់ទុកការសម្រេចលុបឈ្មោះពលរដ្ឋ៥នាក់នេះ គឺត្រឹមត្រូវទៅតាមទម្រង់ច្បាប់ និងនីតិវិធីរបស់ គ.ជ.ប។

គ.ជ.ប ធ្លាប់បានបញ្ជាក់ថា យោងតាមមាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋទាំង ៥រូបនេះ ពុំបានបំពេញលក្ខខណ្ឌមានទីលំនៅ ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោតនោះទេ។

គ.ជ.ប បានបន្ថែមថា យោងតាមមាត្រា៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឈ្មោះប្រជាពលរដ្ឋទាំង ៥រូបនេះ ត្រូវបានស្រង់ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុពួកគាត់បានផ្លាស់ប្ដូរទីលំនៅចេញពីសង្កាត់ផ្សារចាស់ ទៅសង្កាត់ស្ទឹងមានជ័យទី១។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ

គ.ជ.ប ធ្លាប់បានពន្យល់ថា «បើយោងតាមមាត្រា៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺតម្រូវឱ្យស្រង់ឈ្មោះអ្នកដែលលុបចេញពីបញ្ជី អ៊ីចឹងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកគ្រប់គ្រងសង្កាត់ផ្សារចាស់ បានស្រង់បញ្ជីឈ្មោះដើម្បីធ្វើការលុបឈ្មោះ។ ប៉ុន្តែដោយសារតែសាមីខ្លួនទៅរស់នៅសង្កាត់ស្ទឹងមានជ័យ១ អត់បានចុះឈ្មោះកំឡុងពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នោះទេ ប៉ុន្តែប្រជាពលរដ្ឋបែរជាមកប្តឹងតវ៉ារក្សាទុកឈ្មោះរបស់ពួកគាត់ឱ្យនៅដដែល»

ប្រជាពលរដ្ឋទាំង៥រូបនេះ បានប្តឹងតវ៉ាទៅកាន់ គ.ជ.ប ប៉ុន្តែ គ.ជ.ប បានតម្កល់សេចក្តីសម្រេចនោះដដែល ដោយយោងទៅតាមនីតិវិធីដូចបង្ហាញខាងលើ។ ដោយមិនអស់ចិត្តនឹងសេចក្តីសម្រេចនេះ ប្រជាពលរដ្ឋទាំង៥រូប ក៏បន្តប្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។

បន្ទាប់ពីទទួលបានបន្តឹងនេះ កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅនេះ មន្ត្រីស៊ើបអង្កេតរបស់ក្រុមទី៣ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយលោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសួរយកចម្លើយពីលោក ដួង វិចិត្រ ដើមបណ្តឹងផ្ទាល់ និងជាតំណាងទទួលសិទ្ធិពីឈ្មោះ អ៊ុន សុគន្ធី, ឈ្មោះ ដួង ចិន្តាមុនី, ឈ្មោះ ដួង វិរៈ និង ឈ្មោះ ដួង វិសាល៕