(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហរិញ្ញវត្ថុពីកម្មវិធីភាពជាដៃគូ ស្តីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃប្រទេសស៊ុយអ៊ែត សំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា បានដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតនៅកម្ពុជា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ដែលនាំឱ្យប៉ះពាល់អវិជ្ជមានចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីផែនការខ្យល់ស្អាតកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់និងពិភពលោក ដែលផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេងដោយសារតែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយបង្កឱ្យមានការបំពុលឆ្លងដែន រួមផ្សំនឹងឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ ក្លាយជា បញ្ហាប្រឈមចំពោះសុខភាព ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបំពុលខ្យល់ ប្រភពនៃការបំពុលខ្យល់មានការកើនឡើង ជាលំដាប់នូវមធ្យោបាយធ្វើដំណើរការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់បណ្តាលឱ្យមាន កំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស។

ផែនការខ្យល់ស្អាតកម្ពុជា ជាឯកសារយុទ្ធសាស្រ្តជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។ ឯកសារជាយុទ្ធសាស្រ្តនេះ បានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ន និងនិន្នាកាក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការ កាត់បន្ថយ ការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ ហើយជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាព ត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់គុណភាពខ្យល់ការពារសុខភាព សាធារណៈ និងបរិស្ថានត្រូវបានកំណត់ជាក់លាក់។

លោកបានបន្ថែមថា ផែនការខ្យល់ស្អាតកម្ពុជា ត្រូវបានរៀបចំឡើងដោយធ្វើសមាហរណកម្មជាមួយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាសារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខាន ដោយសំឡេងដើម្បីដាក់ចេញជាវិធានការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ផែនការខ្យល់ស្អាតកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងរួមមាន៖

* ទី១៖ បង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាសរយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានា ដែលជាប្រភពសំខាន់ នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត

* ទី២៖ កំណត់វិធានការកាត់បន្ថយការសាយភាយការបំពុលខ្យល់នៅក្នុងផែនការ និងយុទ្ធសាស្ត្រ ដែលមានស្រាប់ ស្របគ្នានឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

* ទី៣៖ កំណត់វិធានការកាត់បន្ថយផ្សេងទៀតដែលអាចត្រូវបានយកមកអនុវត្តដើម្បីកាត់បន្ថយការបញ្ចេញឱ្យបានកាន់តែប្រសើរ

* ទី៤៖ កំណត់គុណប្រយោជន៍នានានៃវិធានការកាត់បន្ថយដែលបានកំណត់សម្រាប់ការធ្វើឱ្យប្រសើឡើងនូវគុណភាពខ្យល់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

* ទី៥៖ កំណត់អាទិភាពដល់សកម្មភាព និងត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់

* ទី៦៖ ជំរុញការអនុវត្តដែលបានគ្រោងទុកសម្រាប់ផែនការដែលមានស្រាប់ និងសកម្មភាពថ្មីៗដែលកំពុងបង្កើតឡើងនៅក្នុងវិស័យផ្សេងៗ៕