(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅថ្ងៃស្អែកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះដែរ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ផងដែរ។

លោកស្រីរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត ក៏រំពឹងថានឹងមានជំនួបដាច់ឡែកឡែកពីគ្នា ជាមួយឥស្សរជនកម្ពុជាមកពីវិស័យសាធារណៈ និងឯកជន ដទៃទៀតផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើត ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕