(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ វីដេអូពីចម្ងាយជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល ដែលដឹកនាំដោយលោក Pradeep Tharakan ជំនាញការ ADB ទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបនេះផ្តោតការពិភាក្សាជាសំខាន់ទៅលើគោលនយោបាយជាតិសម្រាប់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ការសន្សំសំចៃលើការប្រើប្រាស់ថាមពល ជាពិសេស ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដែលជាថាមពលករកើតឡើងវិញ និងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីដើម្បីកាត់បន្ថយការបំភាយឧស្ម័ន កាបូន ធ្វើឱ្យប៉ះពាល់បរិយាកាសផែនដី។

ថ្លែងក្នុងជំនួបនោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការដំណើរការទីតាំងក្រសួងសាធារណការ និងដឹកជញ្ជូននៅទីតាំងថ្មី ដែលបំពាក់ដោយផ្ទាំងសូឡាថាមពលពន្លឺ ព្រះអាទិត្យ ដើម្បីបរិស្ថានស្អាត និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់ការបំពេញការងាររបស់មន្ត្រីរាជការ, សិក្ខាសាលាទាក់ទងរថយន្ត ដើរដោយថាមពលអគ្គិសនីកាលពីចុងឆ្នាំ២០២១ ដែលរៀបចំឡើងដោយស្ថានទូតស្ថានទូតចក្រអង់គ្លេស ជំនួបពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា (CAIF) ដើម្បីពិភាក្សាអំពីគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងជំនួបជាមួយ សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ទាក់ទងនឹងគម្រោងដំឡើងស្ថានីយសាកថ្មរថយន្ត Evs ចំនួន១០ទីតាំង និងការអប់រំបណ្តុះបណ្តាលលើវិស័យនេះ។

លោកទេសរដ្ឋមន្ត្រី ក៏លើកឡើងពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលមានចែងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី, ការស្នើសុំកាត់បន្ថយពន្ធនាំរថយន្តថ្មី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស និងបានបន្ថែមទៀថា៖ ដើម្បីចូលរួមក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ក្រសួងក៏ដូចជា រាជរដ្ឋាភិបាលបានបំពាក់អំពូលភ្លើង LED នៅតាមផ្លូវ៣៧ខ្សែ ដែលទើបសម្ពោធដាក់ឱ្យ ប្រើប្រាស់ថ្មីៗ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងផ្លូវ៣៨ខ្សែ ដែលទើបបញ្ចប់ការសាងសង់ ស្ថិតនៅក្នុងក្រុងសៀមរាប នៅខេត្តសៀមរាប ដើម្បីជាការចាប់ផ្ដើមនូវការសម្របខ្លួនជាបណ្តើរៗទៅនឹងគោលនយោបាយប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានឡើកឡើងអំពីគម្រោងជ្រើសរើសអាគារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជាគម្រោងសាកល្បង សម្រាប់ការប្រើប្រាស់ឧបករណ៍ ដែលជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយការចំណាយ និងចូលរួមចំណែកដល់ការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនធ្វើឱ្យប៉ះពាល់បរិស្ថាន។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមនៃកម្មវិធីនេះ និងបានស្នើឱ្យអ្នកជំនាញការ ADB ពិចារណាលើការពង្រីក វិសាលភាព នៃការប្រើប្រាស់អំពូលភ្លើង LED គ្របដណ្តប់ទៅដល់បណ្តារាជធានី-ខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ចាម កំពត កែប កោះកុង និងបណ្ដារាជធានីខេត្តមួយចំនួនទៀត ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងថាមពល៕