(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឱបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលក្នុងសតវត្សរ៍ទី២១នេះ។ សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលលើសមរភូមិជំងឺកូវីដ១៩ បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការយកឈ្នះលើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

ការសម្រេចចិត្តចាប់យកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋជាកិច្ចការចាំបាច់ និងអាទិភាពនេះបានស្តែងឱ្យឃើញពីការប្រមើលមើល ការវាយតម្លៃមួយប្រកបដោយការគិតគូរល្អិតល្អន់ និងបានត្រឹមត្រូវយ៉ាងឥតខ្ចោះចំពោះមុខការរាតត្បាតនៃជំងឺកូវីដ១៩ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

ផ្តើមចេញពីការគិតគូរប្រកបដោយភាពប្រាកដនិយម និងច្បាស់លាស់នេះហើយ ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីសម្រេចលើការងារចាក់វ៉ាក់សាំង។ ទីបំផុតទៅការដឹកនាំមួយប្រកបដោយភាពប្រាកដនិយម ជឿជាក់ និងការជំរុញដ៏ខ្លាំងក្លាបំផុតនោះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលសម្រេចបានការចាក់វ៉ាក់សាំងបានលឿនជាទីបំផុត ហើយអ្វីកាន់តែពិសេសអានុភាពវ៉ាក់សាំងធ្វើឱ្យកម្ពុជា ចាកចេញពីវឹកវរនៃការរាតត្បាតជំងឺកូវីដ១៩ ប្រជាពលរដ្ឋអាចធ្វើសកម្មភាពអាជីវកម្ម ប្រកបរបរចិញ្ចឹមជីវិត ហើយសិស្សានុសិស្ស ក៏បានវិលត្រឡប់ទៅកាន់សាលារៀន ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាឡើងវិញពោរពេញដោយស្នាមញញឹម ក្រោយសាលាត្រូវបិទទ្វារអស់ជាច្រើនខែនោះ។

ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បើយើងរំលឹកទៅក្រោយបន្តិច ពោលគឺនៅពេលវ៉ាក់សាំងចាប់ផ្តើមលេចរូបរាងដំបូងៗ យើងនៅចាំបានពីសង្គ្រាមការទូតវ៉ាក់សាំង រវាងវ៉ាក់សាំងផលិតនៅក្នុងប្រទេសចិន និងវ៉ាក់សាំងផលិតនៅក្នុងប្រទេសអាមេរិក និងអង់គ្លេសជាដើម។ សង្គ្រាមនេះនាំឱ្យមានប្រៀបធៀបចំពោះគុណភាពរវាងវ៉ាក់សាំង ផលិតនៅប្រទេសចិន និងវ៉ាក់សាំងផលិតនៅអាមេរិក និងអង់គ្លេស ហើយវ៉ាក់សាំងចិន ក៏ក្លាយជាមុខសញ្ញានៃការវាយប្រហារពីសំណាក់ជនមាននិន្នាការសេរីផងដែរ។

និន្នាការនេះ រហូតធ្វើឱ្យអ្នកនយោបាយប្រឆាំង និងក្រុមអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយចំនួនផង ពួកគេបានថ្លែងវាយប្រហារ និងរិះគន់លើការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចយកវ៉ាក់សាំងផលិតនៅប្រទេសចិន មកចាក់ជូនប្រជាពលរដ្ឋ។

ទឹកកាន់តែថ្លា មេឃកាន់តែភ្លឺ ក៏ធ្វើឱ្យគេមើលឃើញកាន់តែច្បាស់នូវកិច្ចការទាំងឡាយលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ មកដល់ពេលនេះ ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី លើការសម្រេចចិត្តដ៏រហ័សរហួន និងមិនអល់ឯកក្នុងការយកវ៉ាក់សាំងរបស់ចិន មកចាក់ជូនប្រជាពលរដ្ឋ គឺពិតជាបានស្រោចស្រង់កម្ពុជាចេញពីស្ថានការណ៍វឹកវរនៃជំងឺកូវីដ១៩។

ការទទួលយកវ៉ាក់សាំងផលិតនៅចិន ដែលចាត់ទុកប្រទេសប្រកាន់នយោបាយកុម្មុយនិស្តនោះ មិនមែនមានន័យថា កម្ពុជាបោះបង់វ៉ាក់សាំងផលិតនៅបណ្តាប្រទេសលោកសេរី ដូចជាអង់គ្លេស និងអាមេរិកឡើយ។ តែក្នុងដំណាក់កាលដំបូង គ្រាដែលវ៉ាក់សាំងក្លាយជាទំនិញដ៏ពេញនិយម ហើយកំពុងដណ្តើមគ្នានោះ បើសិនមិនបានវត្តមានវ៉ាក់សាំងរបស់ចិនទេ ច្បាស់ណាស់កម្ពុជាមិនអាចសម្រេចបានលទ្ធផលដ៏គាប់ប្រសើរដូចពេលបច្ចុប្បន្នឡើយ។

មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបរហូតដល់ទៅជាង ៤៣លានដូស ដែលជាការទិញរបស់កម្ពុជា និងជំនួយពីប្រទេសជាមិត្ត មានដូចជាចិន ជប៉ុន អាមេរិក អង់គ្លេស និងអូស្ត្រាលីជាដើម។ វ៉ាក់សាំង ដែលកំពុងមានវត្តមាននៅកម្ពុជានេះ មានចំនួន ៦ប្រភេទផ្សេងពីគ្នា។ វ៉ាក់សាំងទាំង៦ប្រភេទនោះរួមមាន៖ ស៊ីណូហ្វាម, ស៊ីណូវ៉ាក់ (វ៉ាក់សាំងទាំងពីរនេះផលិតនៅប្រទេសចិន), វ៉ាក់សាំងអាស្ត្រាហ្សេនីកា (វ៉ាក់សាំងផលិតដោយក្រុមហ៊ុននៅអង់គ្លេស), វ៉ាក់សាំងចនសុន&ចនសុន វ៉ាក់សាំងម៉ូដឺណា និងវ៉ាក់សាំង Pfizer (វ៉ាក់សាំងទាំង៣ប្រភេទនេះ ផលិតដោយក្រុមហ៊ុននៅអាមេរិក)។

វ៉ាក់សាំងនេះ ត្រូវបានចាក់ចម្រុះគ្នាចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ពោលទាំងវ៉ាក់សាំងរបស់ចិន ជប៉ុន អង់គ្លេស អាមេរិក និងអូស្ត្រាលី គឺអាចចាក់ចូលក្នុងខ្លួនពលរដ្ឋខ្មែរបានទាំងអស់។ តាមរយៈយន្តការនៃការចាក់វ៉ាក់សាំងចម្រុះនេះ បានស្តែងឱ្យឃើញនយោបាយវ៉ាក់សាំងរបស់កម្ពុជា គឺមិនមានប្រកាន់និន្នាការវ៉ាក់សាំងមកពីប្រភពណាមួយនោះឡើយ។ ពលរដ្ឋកម្ពុជា អាចទទួលបានទាំងផលិតផលមកពីប្រទេសគេចាត់ទុកកុម្មុយនិស្ត ឬប្រទេសគេចាត់ទុកសេរី ឱ្យតែអាចជួយឱ្យជីវិតបានរួចផុតពីការវាយប្រហារនៃមេរោគកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ខ្លួនសម្តេចផ្ទាល់បានរងការលាបពណ៌យ៉ាងអយុត្តិធម៌បំផុត។ ក្នុងនោះពេលសម្តេចទៅជួបជាមួយជនសេរី គេថាលោកជនកុម្មុយនិស្ត ពេលជួបជនកុម្មុយនិស្ត គេថាលោកជាជនសេរី។ តែការវាយតម្លៃថាសម្តេចជាជនកុម្មុយនិស្ត ឬជនសេរីនេះ មិនបានបង្អាក់ដំណើរប្រឹងប្រែងដើម្បីជាតិ និងប្រជាជនកម្ពុជានោះឡើយ។

សម្តេចតេជោ ធ្លាប់បានលើកឡើងថា សម្តេចមិនខ្វល់នឹងការវាយតម្លៃថាសម្តេចជាជនអ្វីនោះឡើយ ប៉ុន្តែអ្វីដែលសម្តេចច្បាស់បំផុតនោះ គឺសម្តេចជាជនរបស់កម្ពុជា ហើយធ្វើអ្វីៗដើម្បីកម្ពុជា។

ការលាបពណ៌ ការវាយតម្លៃសម្តេចតេជោ ជាជនកុម្មុយនិស្ត ជាជនផ្តាច់ការនៅតែបន្តឮមកដល់ពេលបច្ចុប្បន្ន ចេញពីមាត់របស់អ្នកមាននិន្នាការប្រឆាំង ក៏ដូចជាអ្នកនយោបាយបរទេសមួយចំនួន បើទោះបីមានរឿងរ៉ាវជាច្រើនបានបង្ហាញឱ្យគេបានឃើញថា សម្តេចតេជោ មិនបានផ្តល់តម្លៃកុម្មុយនិស្ត ឬសេរីជាធំ តែអ្វីដែលសម្តេចតេជោ ផ្តោតជាសំខាន់នោះគឺលទ្ធផល។

តាមរយៈលទ្ធផលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាទឡ្ហីករណ៍កាន់តែច្បាស់បន្ថែមទៀតពីចរិតនយោបាយនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ សម្តេចតេជោ មិនបានប្រកាន់ថា វ៉ាក់សាំងនោះមកពីប្រទេសដែលគេចាត់ទុកថា កុម្មុយនិស្ត ឬគេចាត់ទុកថា ប្រទេសសេរីនោះទេ គឺសម្តេចទទួលស្វាគមន៍ដោយក្តីអំណរទាំងអស់ ឱ្យតែអាចជួយកម្ពុជាចេញពីវឹកវរនៃជំងឺកូវីដ១៩ និងជួយអាយុជីវិតប្រជាពលរដ្ឋបានរួចផុតពីការរាតត្បាតជំងឺកូវីដ១៩។

ទិដ្ឋភាពនេះ ក៏ជាកញ្ចក់ឆ្លុះបង្ហាញឱ្យឃើញនូវនយោបាយដ៏ចម្រុះពណ៌របស់កម្ពុជា ធ្វើទំនាក់ទំនងប្រកបដោយភាពរស់រវើកជាមួយប្រទេស ដែលគេប្រសិទ្ធនាមជាកុម្មុយនិស្ត និងប្រទេសគេប្រសិទ្ធនាមថាសេរី ដើម្បីទាញនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា៕