(ក្រចេះ)៖ អ្នកឧកញ៉ា លី សាម៉េត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីបណ្តាគណបក្ស នយោបាយ នៅក្នុងខេត្តក្រចេះចំនួន១,០៤៤នាក់ បានស្ម័គ្រចិត្តចូលរួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជាកិច្ចស្វាគមន៍លោក វ៉ា ថន សូមថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់សមាជិក សមាជិកា គណបក្សនយោបាយផ្សេងៗ ដែលវិលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ លោកថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេស ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។
លោកបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តក្រចេះ លោកបានអំពាវនាវដល់សមាជិកថ្មី សូមខិតខំអំពាវនាវដល់អ្នកដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់នឹងកសាងប្រទេសជាតិយើងទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន។ នាឱកាសនៅពេលខាងមុខនេះ យើងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សូមឲ្យសមាជិកថ្មីទាំងអស់ ទៅចូលរួមបោះឆ្នោត គាំទ្រគណបក្សប្រជាជនឲ្យបានទាំងអស់គ្នា។
អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោល នយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច។
អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានការខកចិត្តម្ដងណាឡើយ»។
អ្នកឧកញ៉ា លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូន និងជំនួសមុខឲ្យសម្ដេចតេជោ នាយករដ្មមន្រ្តីនៃកម្ពុជា ដើម្បីថ្លែងអំណរអរគុណចំពោះការគោរពជាស្រលាញ់ ដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាយក្រុមទុច្ចរិតទាំងនោះរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕