(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់ចេញទិសដៅ ចំនួន៦ចំណុច ដើម្បីឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ដែលឈរជើងនៅតាមច្រកទ្វារទ្វេភាគីតន់ ហន់ ស្ថិតនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពតាមច្បាប់។

ទិសដៅទាំង៦ចំណុច រួមមាន៖
*ទី១៖ ត្រូវអនុវត្តតាមគោលនយោបាយ និងភារកិច្ចរៀងៗខ្លួន ឲ្យបានច្បាស់លាស់តាមផ្លូវច្បាប់
*ទី២៖ បង្កើនការពិនិត្យលើមុខទំនិញទាំងអស់ ជាពិសេសគុណភាពទំនិញនាំចូល
*ទី៣៖ ត្រូវមានកិច្ចសហការគ្នា ឲ្យបានល្អជាចង្វាក់ នៃការគ្រប់គ្រង់ដោយផ្អែកទៅលើយន្តការច្បាប់
*ទី៤៖ រក្សាតម្លៃសាមគ្គីភាព រក្សាតម្លៃភាពថ្លៃថ្នូររបស់ជនជាតិខ្មែរ
*ទី៥៖ កន្លែងត្រួតពិនិត្យនិមួយៗ ត្រូវពង្រឹងឡើងវិញ
*ទី៦៖ ត្រូវឯកភាពគ្នាកំណត់ពេលវេលាបិទបើកច្រកទ្វារឲ្យបានច្បាស់លាស់។

ការដាក់ចេញទិសដៅ៦ចំណុចខាងលើនេះ ខណៈលោក ម៉ៅ ធនិន ដឹកនាំក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យស្ថានភាពទូទៅ និងបញ្ហាប្រឈម ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីសមត្ថកិច្ចជំនាញឈរជើងនៅច្រកទ្វារព្រំដែនទាំងពីរ ក្នុងភូមិសាស្ត្រខេត្តកំពត (កម្ពុជា-វៀតណាម) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនៅសាលប្រជុំសាលាខេត្តកំពត។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា មន្ត្រីសមត្ថកិច្ចជំនាញដែលឈរជើងនៅតាមច្រកទ្វារព្រំដែនទ្វេភាគីតន់ ហន់ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវរឹតបន្តឹងការងារត្រួតពិនិត្យទំនិញ និងគុណភាពទំនិញនាំចូលគ្រប់ប្រភេទឲ្យបានហ្មត់ចត់បំផុត។ ពិសេសត្រូវមានឆន្ទៈ និងមនសិការស្នេហាជាតិ ស្នេហាប្រជាជន កុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនយកកិត្តិយសជាតិ កិត្តិយសមន្ត្រី ទៅឲ្យភាគីផ្សេងវាយតម្លៃ។

លោក ម៉ៅ ធនិន បន្ថែមថា មន្ត្រីដែលឈរជើងនៅតាមច្រកទ្វារព្រំដែន មានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារដែនដី ការពារសុខភាព អាយុជីវិតរបស់ពលរដ្ឋនៅខាងក្នុងប្រទេស។ ដូច្នេះមន្ត្រីជំនាញឈរជើងនៅតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវមានក្រមសីលធម៌ល្អក្នុងការបំពេញតួនាទីភារកិច្ច គោរពវិន័យ គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។

ពិសេសរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលឲ្យបានហ្មត់ចត់បំផុត ជៀសវាងការនាំចូលទំនិញខូចគុណភាព ទំនិញប្រើប្រាស់សារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ មន្ត្រីជំនាញទាំងអស់ត្រូវមានឆន្ទៈ និងមនសិការ ហើយត្រូវគិតគូរពីផលប្រយោជន៍ជាតិ សុខភាពប្រជាពលរដ្ឋ ធំជាងផលប្រយោជន៍ដែលខ្លួនចង់បាន។ ច្បាប់ល្អណាស់នៅក្នុងសៀវភៅ ប៉ុន្តែដើម្បីឲ្យច្បាប់មានគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល នៅលើទិដ្ឋភាពច្បាប់នោះ គឺអាស្រ័យលើឆន្ទៈ និងមនសិការរបស់អ្នកអនុវត្តច្បាប់ ឬប្រតិបត្តិករច្បាប់៕