(ឌុយបៃ, អារ៉ាប់រួម)៖ កម្ពុជា និងសហភាពអារ៉ាប់រួម បានពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែប្រសើរ។ បំណងនៃការចង់បង្កើតឱ្យមានពាណិជ្ជកម្មសេរីនេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ។

យោងតាមព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះ លោកបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងចូលរួមពិព័រណ៍ពិភពលោកឌុយបៃ២០២០ ដែលមានរយៈពេល ៦ខែនេះ។ លោកបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍របស់សហភាពអារ៉ាប់រួម ព្រមទាំងបានស្នើឱ្យភាគីកម្ពុជា ជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត។

បន្ថែមពីលើនោះ លោកបណ្ឌិត ចង់ឱ្យបង្កើតក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ ដូចដែលសហភាពអារ៉ាប់រួម បានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។

លោក ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា និងជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងនោះ បានជម្រាបភាគីសហភាពអារ៉ាប់រួមនូវសក្តានុពលមួយចំនួនរបស់កម្ពុជាសម្រាប់វិនិយោគ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ។ល។ ដែលសហភាពអារ៉ាប់រួមអាចវិនិយោគបាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរពីការធ្វើពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសជាមិត្ត។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូេរ៉ ហើយក៏កំពុងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗមានជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានឯកភាពជាមួយភាគីសហភាពអារ៉ាប់រួម ចំពោះការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ក្នុងជំនួបភាគីទាំងពីរ បានឯកភាពគ្នាថា នឹងអញ្ជើញគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នាលើវិស័យសក្តានុពលនានា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរនាថ្ងៃអនាគត៕