(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចាស់ជរា ជួបការខ្វះខាត ចំនួន២៥គ្រួសារ ដែលមកពីតាមបណ្ដាភូមិនានា ស្ថិតនៅសាលាសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានទទួលអំណោយ ដើម្បីដោះស្រាយក្នុងជីវភាពមួយចំនួន ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ ឯក ឃុនដឿន។

ពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ចាស់ជរាជួបការខ្វះខាត ចំនួន២៥គ្រួសារនេះ ក៏មានចូលរួមផងដែរ ពីអស់លោក-លោកស្រី សួស សូលីដា អនុប្រធានគណៈកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ជាមួយនិងក្រុមការងារ ក.ក្រ.ក សង្កាត់។

ក្នុងសកម្មភាពសមធម៌នេះ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោកតែងតែងចាត់តំណាង ចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ក្នុងការជួយសម្រាលទុក្ខលំបាកនានា បានទាន់ពេលវេលា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា គឺមិនទុកឱ្យនរណាម្នាក់រស់នៅដោយវេទនានោះឡើយ»

សូមជម្រាបថា សម្រាប់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចាស់ជរា ដែលជួបការខ្វះខាត ចំនួន២៥គ្រួសារ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥ គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ម៉ាស់ ២៥សន្លឹក, ជែល៣ដប, ទឹកស៊ីអ៉ីវ១យួរ, និងថវិកា ចំនួន២០.០០០ រៀល៕