(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ថ្លែងបញ្ជាក់ប្រាប់ណ្តាញព័ត៌មាន Fresh News ។

ប្រទេសមហាយក្សចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងារឆ្នាំ២០២២ ចាប់ពី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំកម្មវិធីដ៏មហាមានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹង វិបត្តិនៃការរីករាតត្បាតជាសកលជំងឺ Covid-19 ប្រទេសចិនកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលរៀបចំឡើងក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿង មង្គលជាសកលដ៏កម្រមាន ប្រជាជនទូទាំងពិភពលោករំពឹងទុកយ៉ាងស្មោះស្ម័គ្រចំពោះការបើកធ្វើនៃការប្រកួតកីឡាអូឡាំពិកលើកនេះ។ បណ្តាទីក្រុងនៅប្រទេសចិន បាននាំគ្នាដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលថ្មីៗនៃ COVID-19 ខណៈដែលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅដើមខែកុម្ភៈខាងមុខនេះ៕