(ខេត្តក្រចេះ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អនុសាសន៍ដល់មន្ទីរការងារខេត្តក្រចេះ និងមន្ទីរការងារនៅខេត្តមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្មប្រមាណ២ម៉ឺននាក់ ដើម្បីចូលបម្រើការនៅក្រុមហ៊ុនថាហ្រ្គីកូ (THAGRICO) ដែលកំពុងត្រូវការកម្លាំងពលកម្មផ្គត់ផ្គង់ដល់ដំណើរការខ្សែច្រវ៉ាក់ប្រមូលផល និងវេចខ្ខប់នាំចេញ។

ការផ្ដល់អនុសាសន៍នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចពីដំណើរការខ្សែច្រវាក់ផលិតកម្ម ចុះសួរសុខទុក្ខកម្មករ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារនៅក្រុមហ៊ុនថាហ្រ្គីកូ (THAGRICO) នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

គួរជម្រាបថា ក្រុមហ៊ុនថាហ្រ្គីកូជាក្រុមហ៊ុនកសិកម្មដ៏ធំមួយនៅស្រុកស្នួល ខេត្តក្រចេះ កែច្នៃផលិតផលកសិកម្មច្រើនមុខ រួមមាន ចេក ស្វាយ ខ្នុរជាដើម នាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។

ក្នុងពេលទទួលដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង នាឱកាសនោះ តំណាងក្រុមហ៊ុនថាហ្គ្រីកូបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយស្វែងរកកម្លាំងពលកម្មចំនួន២ម៉ឺនកន្លែងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការខ្សែច្រវ៉ាក់ប្រមូលផល និងវេចខ្ខប់នាំចេញ។

ឆ្លើយតបនឹងសំណើរនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុន ដោយលោកបានផ្តល់អនុសាសន៍ដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្មឲ្យបានគ្រប់តាមតម្រូវការរបស់ក្រុមហ៊ុន។

លោករដ្ឋមន្ត្រីបានស្នើទៅខាងក្រុមហ៊ុនវិញដែរ គឺសូមឱ្យជួយបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់កម្មករ តាមរយៈធ្វើការបណ្តើរ និងរៀនបណ្តើរ។

មួយវិញទៀត សម្រាប់កម្លាំងពលកម្មជំនាញបរទេសដែលមានកូតាលើសពី១០ភាគរយ ក្រុមហ៊ុនត្រូវដាក់សំណើសុំមកក្រសួង ដោយបញ្ជាក់ឱ្យបានលម្អិតនូវជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេសដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើចំនួន១០%នេះ។

លោក អ៉ិត សំហេង ក៏បានឲ្យក្រុមហ៊ុនអនុវត្តទៅតាមលក្ខខណ្ឌការងារ និងច្បាប់ស្តីពីការងាររបស់កម្ពុជាឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរកសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។

បើតាមការឲ្យដឹងពីតំណាងរបស់ក្រុមហ៊ុនថាហ្គ្រីកូ ក្រុមហ៊ុននេះចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០១៩។ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន រួមមាន ចេក ស្វាយ ខ្នុរជាដើម។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ២០២១ ក្រុមហ៊ុនថាហ្គ្រីកូបាននាំចេញផ្លែឈើគ្រប់ប្រភេទចំនួន២០៨,០០០តោន គិតជាកុងតឺន័រមានចំនួន១០,០០០កុងតឺន័រ។ ចំពោះប្រាក់ចំណូលរបស់កម្មករវិញទទួលបានចាប់ពី២៤០-៣០០ដុល្លារក្នុងមួយខែ៕