(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាប្រព័ន្ធលូបេតុង និងរ៉ឺហ្គាតាមកំណាត់ផ្លូវជាតិលេខ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកអភិបាលខេត្តកណ្ដាល លូបេតុងដែលកំពុងស្ថាបនានេះគឺមានសរសៃដែកមុខកាត់១.៥ម៉ែត្រ ប្រវែង៧៦២ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ៣ម៉ែត្រគុណ៣ម៉ែត្រចំនួន៣៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១នេះ និងស្ថាបនាលូបេតុងសរសៃដែកមុខកាត់១ម៉ែត្រ ប្រវែង២៣២ម៉ែត្រ និងរ៉ឺហ្គាទំហំ១.៨ម៉ែត្រគុណ១.៨ម៉ែត្រចំនួន១៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១០។

គម្រោងស្ថាបនាលូ និងរ៉ឺហ្គាតាមកំណាត់ផ្លូវទាំង២ខ្សែនេះ ត្រូវចំណាយថវិកាអស់ប្រមាណ២,០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារ ដែលជាថវិការបស់បុរីភ្នំពេញថ្មីតែម្តង។

នាឱកាសនោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមសមិទ្ធផលទាំងនេះ ដែលនេះជាកាយវិការដ៏ល្អប្រពៃ និងជាគំរូដ៏ល្អដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល និងបានចូលរួមអភិវឌ្ឍក្នុងវិស័យសាធារណការ សំណង់សិល្បការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីឱ្យការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ៕