(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹង ពាក់ព័ន្ធការលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ព្រោះតែដើមបណ្តឹងមិនបង្ហាញខ្លួនក្នុងសវនាការ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២នេះ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃនេះ បានបើកសវនាការ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងតវ៉ាពាក់ព័ន្ធការលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ដែលត្រូវបានប្តឹងដោយលោក ដួង វិចិត្រ និងជាអ្នកតំណាងឱ្យបុគ្គល៤រូបផ្សេងទៀតរួមមាន៖ ឈ្មោះ អ៊ុន សុគន្ធី ឈ្មោះ ដួង ចិន្តាមុនី ឈ្មោះ ដួង វិរៈ និងឈ្មោះ ដួង វិសាល។

ប្រជាពលរដ្ឋ៤រូបខាងលើនេះ បានកើតទុកមិនសុខចិត្ត បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបឈ្មោះរបស់ពួកគេចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់ផ្សារចាស់។ ពួកគេបានប្តឹងទៅ គ.ជ.ប តែ គ.ជ.ប បានរក្សានូវសេចក្តីសម្រេចនោះ ទើបពួកគេបានប្តឹងបន្តមកក្រុមប្រឹក្សាធម្មនុញ្ញ។

ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ក្នុងសវនាការនាព្រឹកមិញនេះ មិនមានវត្តមានដើមបណ្តឹងនោះឡើយ។ ក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ជាក់ថា «ដោយដើមបណ្ដឹងអវត្តមាននាពេលសវនាការដោយគ្មានមូលហេតុ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា ការមិនចូលរួមក្នុងសវនាការរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយគ្មានមូលហេតុ ត្រូវចាត់ទុកថា ជាការបង្ហាញឆន្ទៈបោះបង់បណ្តឹងចោល ដូចនេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ មិនលើកបណ្តឹងមកពិនិត្យឡើយ»

ដោយសារតែអវត្តមានរបស់ដើមបណ្តឹង ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្ដឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២២តែម្តង។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាត់ទុកការសម្រេចលុបឈ្មោះពលរដ្ឋ៥នាក់នេះ គឺត្រឹមត្រូវទៅតាមទម្រង់ច្បាប់ និងនីតិវិធីរបស់ គ.ជ.ប។

គ.ជ.ប ធ្លាប់បានបញ្ជាក់ថា យោងតាមមាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋទាំង ៥រូបនេះ ពុំបានបំពេញលក្ខខណ្ឌមានទីលំនៅ ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោតនោះទេ។

គ.ជ.ប បានបន្ថែមថា យោងតាមមាត្រា៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឈ្មោះប្រជាពលរដ្ឋទាំង ៥រូបនេះ ត្រូវបានស្រង់ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុពួកគាត់បានផ្លាស់ប្ដូរទីលំនៅចេញពីសង្កាត់ផ្សារចាស់ ទៅសង្កាត់ស្ទឹងមានជ័យទី១។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់បានពន្យល់ថា «បើយោងតាមមាត្រា៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺតម្រូវឱ្យស្រង់ឈ្មោះអ្នកដែលលុបចេញពីបញ្ជី អ៊ីចឹងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកគ្រប់គ្រងសង្កាត់ផ្សារចាស់ បានស្រង់បញ្ជីឈ្មោះដើម្បីធ្វើការលុបឈ្មោះ។ ប៉ុន្តែដោយសារតែសាមីខ្លួនទៅរស់នៅសង្កាត់ស្ទឹងមានជ័យ១ អត់បានចុះឈ្មោះកំឡុងពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នោះទេ ប៉ុន្តែប្រជាពលរដ្ឋបែរជាមកប្តឹងតវ៉ារក្សាទុកឈ្មោះរបស់ពួកគាត់ឱ្យនៅដដែល»៕