(កំពង់ចាម)៖ «ខេត្តកំពង់ចាម បាននិងកំពុងមានការរីកចម្រើន ហើយប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ កាន់តែបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានាពីរាជរដ្ឋភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា» នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ០១ខ្នង និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឺង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាចលករជំរុញឲ្យប្រទេសយើងក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥ ហើយអត្រាកំណើនសេដ្ឋកិច្ចជាតិក៏មានវឌ្ឍនភាព និងស្ថេរភាពប្រកបដោយ មោទនភាពនារយៈពេលកន្លងមកនេះ។

លោកអភិបាលខេត្តបន្តថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាន នូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត។ល។ ដែលសមិទ្ធផលទាំងនោះហើយបាននិងកំពុងជួយដល់ប្រជាជន ក្នុងការកាត់បន្ថយភាពក្រីក្រពីភាពក្រីក្រ១០០% ក្នុងឆ្នាំ១៩៧៩ មកនៅត្រឹម ១២,៦% នៅតាមទីប្រជុំជន និង ២២,៨% នៅជនបទក្នុងឆ្នាំ២០២០។

លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ចំពោះការសិក្សាក្នុងឆ្នាសិក្សា ២០២០-២០២១ សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៧.១១១នាក់ ក្នុងនោះជាប់បាននិទ្ទេស (A) ចំនួន ១១៨នាក់ និទ្ទេស (B) ចំនួន ៣៣៧នាក់ និទ្ទេស (C) ចំនួន ៧០៤ នាក់ និទ្ទេស(D) ចំនួន ១.៣៦០ នាក់ និងនិទ្ទេស (E) ចំនួន១.៨១១ នាក់៕