(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រេីនខ្លាំងថែមទៀត។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីសម្តេចបានទទួលរូបភាពមួយចំនួន អំពីទិដ្ឋភាពដ៏ស្រស់បំព្រងរបស់រាជធានីភ្នំពេញ ដែលលម្អដោយអគារខ្ពស់ៗកប់ពពក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រេីនខ្លាំងថែមទៀត»

រូបភាពទិដ្ឋភាពស្រស់ស្អាត នៃរាជធានីភ្នំពេញដែលសម្តេចបានបង្ហោះនេះ ត្រូវបានថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ដែលមើលទៅខុសគ្នាដាច់ស្រឡះពី អតីតកាលនៃរាជធានីភ្នំពេញ ដែលមានតែអគារបែកបាក់ទាបៗបន្តិចបន្តួច ក៏ព្រោះតែរងគ្រោះដោយសារសង្គ្រាមជាច្រើនទសវត្ស។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឱ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ»

ជាមួយនឹងការបង្ហាញជំនឿចិត្តថា រាជធានីភ្នំពេញទៅអនាគតក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត សម្តេចបានលើកឡើងបន្តទៀតថា៖ ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជា ដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតពីចាប់ពីឆ្នាំ២០០០ រហូតដល់ដំណាច់ ឆ្នាំ២០២១ កម្ពុជាគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសចំនួន ២ ៣៩២អគារ ក្នុងនោះអគារខ្ពស់ៗចាប់ពី៥-៩ជាន់ មានចំនួន ១ ៣២៤ អគារ, អគារចាប់ពី១០-១៩ជាន់ មានចំនួន៦៧៥អគារ, អគារចាប់ពី២០-២៩ជាន់ មានចំនួន ២២០អគារ, អគារចាប់ពី៣០-៣៩ជាន់ មានចំនួន១២៣អគារ និង អគារចាប់ពី៤០ជាន់ឡើង មានចំនួន៥០ អគារផងដែរ៕