(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខភិបាលខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការថែទាំទារកសម្រាប់មន្ទីរពេទ្យ ត្រូវប្រើប្រាស់ចំណេះដឹង តាមរយៈវគ្គបណ្តុះបណ្តាលកន្លងមក ផ្តល់ការថែទាំ ព្យាបាល និងជួយសង្រ្គោះទារកទើបកើត ដែលមានបញ្ហាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាពនិងសមធម៌។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំទារកសម្រាប់មន្ទីរពេទ្យ ដែលបានធ្វើឡើងនៅមន្ទីរពេទ្យជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត គួង ឡូ ថា តាមរយៈការធ្វើតេស្តក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលឃើញថា មន្ត្រីដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំងអស់ គឺទទួលបានពិន្ទុល្អ។

លោកថា ពិន្ទុល្អគ្រាន់តែជាលទ្ធផលនៃការសិក្សា ប៉ុន្តែអ្វីដែលរូបលោក និងអ្នកឧបត្ថម្ភ (មន្ទីរពេទ្យកុមារអង្គរ) ចង់បានពិតប្រាកដនោះ គឺសូមឲ្យមន្ត្រីយើងប្រើប្រាស់ចំណេះដឹងទាំងអស់នេះ ផ្តល់នូវការថែទាំ ព្យាបាលនិងសង្គ្រោះទារកដែលទើបកើត ដែលមានបញ្ហាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព។

លោកប្រធានមន្ទីរសុខភិបាល ក៏បានថ្លែងណែនាំដល់មន្ត្រី ត្រូវបន្តពង្រឹងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាថែទាំនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាពនិងសមធម៍។ លោកថា មន្ទីរសុខាភិបាលព្រះវិហារ មានចក្ខុវិស័យក្នុងការតំឡើងកម្រិតមន្ទីរពេទ្យជាំក្សាន្ត ទៅជាមន្ទីរពេទ្យសំណុំសកម្មភាពបង្រ្គប់កម្រិត២ ដែលមានសេវាវះកាត់ធំ ព្រោះស្រុកជាំក្សាន្តគឺជាស្រុកមួយដែលមានប្រជាជនរស់នៅច្រើនជាង ក្រុង ស្រុក ទាំង៧របស់ខេត្តព្រះវិហារ និងមានចំងាយផ្លូវឆ្ងាយពីមន្ទីរពេទ្យបង្អែកខេត្តប្រមាណ១០០គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជាំក្សាន្ត ដែលស្លៀកពាក់ឯកសណ្ឋានពេទ្យបានស្អាតសមរម្យជាមន្ត្រីសុខាភិបាល ពិសេសគឺមានភាពស្រស់ស្រាយ គ្រប់ៗគ្នា ផ្តល់នូវភាពកក់ក្តៅដល់អ្នកជំងឺនិងក្រុមគ្រួសារ ដែលបានចូលមកពិនិត្យ ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ។លោកក៏អំពាវនាវផងដែរដល់មន្ត្រីយើងទាំងអស់គ្នា ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ នៅពេលដល់វេនត្រូវចាក់។ ត្រូវអប់រំណែនាំប្រជាពលរដ្ឋឲ្យពួកគាត់ទៅចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពសាំក្នុងសហគមន៍ ដើម្បីឲ្យយើងបន្តការបើកសេដ្ឋកិច្ច និងទំនាក់ទំនងសង្គម។ ពិសេសសូមបន្តគោរពនិងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»៕