(ខេត្តក្រចេះ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងរបស់លោក សួន ដានី ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ជំនួសលោក កែវ កុសល ដែលបានចូលនិវត្តន៍។

ឆ្លៀតក្នុងឱកាសនោះ លោក អ៉ិត សំហេង បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តក្រចេះ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហាផ្សេងៗ និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើឱ្យខេត្តក្រចេះទទួលបានការរីកចម្រើនគួរជាទីមោទន។ ជាមួយនេះផងដែរ លោកបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ដែលកន្លងមកបានអនុវត្តការងារស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តក្រចេះ ព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។

បន្ថែមពីនេះ ក៏បានរួមគ្នាដោះស្រាយបាននូវបញ្ហាជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត សំដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ក៏ដូចជាធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយកម្មករចំនួន៧៧លើក កម្មករចូលរួមប្រមាណ១លាននាក់ នាពេលកន្លងមក។

លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការកន្លងមក ដែលបានធ្វើការសហការយ៉ាងសិ្អតល្មួតរួមគ្នា អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ ទន្ទឹមនឹងនេះ ការចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញត្តិច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យការងារផងដែរ។

លោកបានស្នើលោកប្រធានមន្ទីរថ្មីត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តក្រចេះប្រគល់ជូន។ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្តិសមជាមន្រ្តីផ្តល់សេវាល្អជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។ ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

លោកបានណែនាំបន្តថា ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្រ្តី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា២ «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»៕