(ក្រចេះ)៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបើកការដ្ធានសាងសង់វិហារឥស្លាម និងសាលារៀនចំនួន ១ខ្នង ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀល ស្រុកសំបូរ ខេត្តក្រចេះ។ កម្មវិធីក៏មានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្តក្រចេះ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ថ្នាក់ដឹកនាំគណៈចលនាឥស្លាមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនេះ លោក រ៉ូហ្វី អូស្មាន បាននាំយកនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។ លោកក៏បានបន្តលើកឡើងពីសមិទ្ធផល ដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តការបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូល។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពរស់នៅជាមួយអនាម័យខ្ពស់ និងបន្តរក្សាបីកុំ បីការពារ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោក ស្រេង សុភាព តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណដល់ អង្គការ មិត្តភាព និងសប្បុរសធម៌កម្ពុជា និងអង្គការមូលនិធិអាស៊ានដើម្បីអប់រំ និងការអភិវឌ្ឍ រួមជាមួយគណៈប្រតិភូ ទាំងអស់ដែលតែងតែយកចិត្តទុកដាក់លើកស្ទួយវិស័យអប់រំ និងជួយប្រជាពលរដ្ឋខ្វះខាត ជាពិសេសនៅក្នុងខេត្តក្រចេះ។

ជាពិសេសទៀតនោះ លោកក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដោយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន កម្ពុជាបានរួចផុតពីសម័យសង្រ្គាម ប៉ុល ពត ដ៏ខ្មៅងងិត និងជំនួសមកវិញនូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទាំងនៅទីក្រុង និងជនបទ។

គួរជម្រាបថា វិហារឥស្លាម និងសាលារៀនខាងលើ ជាជំនួយសប្បុរសធម៌របស់ប្រជាជនអារ៉ាប់កាតា (Qatar) តាមរយៈអង្គការ មិត្តភាព និងសប្បុរសធម៌កម្ពុជា។ ចុងបញ្ចប់ នៃកម្មវិធី ក៏មានការចែកអំណោយជាកញ្ចប់អាហារជូនប្រជាពលរដ្ធខ្វះខាតចំនួន ៥០គ្រួសារ តាមរយៈអង្គការអាស៊ាន និងដើម្បីការអប់រំ ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀល ស្រុកសំបូរ ខេត្តក្រចេះផងដែរ៕