(ភ្នំពេញ)៖ ទីតាំងសត្តឃាតមាន់មួយកន្លែង នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ត្រូវបានអាជ្ញាធរបិទចោលទាំងស្រុង បន្ទាប់ពីផ្ដល់ផលរំខានជាខ្លាំងដល់ប្រជាពលរដ្ឋ តាមរយៈការជះក្លិនស្អុយ និងសំឡេងរំខានទាំងយប់ទាំងថ្ងៃ មិនស្ដាប់ការណែនាំរបស់អាជ្ញាធរខណ្ឌ។

មន្ដ្រីសាលាខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះថា បន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាល ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងសត្តឃាតមាន់ខាងលើនេះ កាលពីថ្ងៃទី២៥ ខែមករា ដោយអនុវត្តចុះបិទទីតាំងសត្តឃាតមាន់មួយកន្លែងស្ថិតនៅផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ជាស្ថាពរ។

ទីតាំងនេះ មានម្ចាស់ឈ្មោះ សុខ សុគន្ធ ដោយសារតែម្ចាស់អាជីវកម្មមិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដារបច្ចេកទេសជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ ទើបអាជ្ញាធរសម្រេចបិទតែម្ដង។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងមក លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះទីតាំងសត្តឃាតមាន់ដែលមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ហើយយកសេចក្ដីសម្រេចរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីមកបិទជាស្ថាពរទៅលើទីតាំងសត្តឃាតមាន់នោះផងដែរ។ ប៉ុន្តែទីតាំងសត្តឃាតមាន់មួយនេះ ប្រហែលជាមានខ្សែស្រឡាយធំ បានរត់ការបើកធ្វើអាជីវកម្មឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តចំពោះអាជ្ញាធរ៕