(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់កម្លាំង ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព ជាពិសេសត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់បង្ក្រាបឱ្យបាននូវរាល់បទល្មើសនានា ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសត្រូវបន្តទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមតំបន់ព្រំដែនចូលមកក្នុងសហគមន៍។

លោកអភិបាលខេត្តកណ្ដាល បានណែនាំយ៉ាងដូចនេះនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី ចុះពិនិត្យវឌ្ឍន ភាពសាងសង់ប៉ុស្តិ៍ចាំយាមតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ២កន្លែង ត្រង់ចំណុចស្ពានឈើព្រែកជ្រៃ ក្នុងភូមិសាស្ត្រស្រុកកោះធំ និងស្រុកលើកដែក និងបានជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំង វរៈនគរបាលការពារព្រំដែនលេខ៦០៥ និងយោធាការពារព្រំដែនលេខ៦០១ ។

លោក គង់ សោភ័ណ្ឌ ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ កងកម្លាំងនៅគ្រប់កាលៈទេសៈទាំងអស់ផងដែរ។

លោកបានបន្តថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជាក៏បានជួបនូវវិបត្តិដោយសារជំងឺនេះ យ៉ាងណាក៏ដោយស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ដែលបានព្យាយាមទំនាក់ទំនង ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកុមារ ជាពិសេសកងកម្លាំងប្រដាប់អាវុធ បានទទួលវ៉ាក់សាំងបានគ្រប់ៗគ្នា ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានការធូរស្រាលឡើងវិញ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់រាជ រដ្ឋាភិបាល និងវិធានការសុខាភិបាលផ្សេងៗ ឱ្យបានជាប់ជាប្រចាំដើម្បីសហគមន៍គ្មានជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំងក្នុងពិធីនេះ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ម៉ាស ១០បន្ទះ ជែល ១ដប ត្រីខ ២យួរ និងថវិកា ១០ ម៉ឺនរៀល៕