(ភ្នំពេញ)៖ បុគ្គលល្បីៗរបស់កម្ពុជាចំនួន៥រូប នឹងជជែកដេញដោល ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ភាពតានតឹងរវាង សម្ព័ន្ធណាតូ និងសហព័ន្ធរស្ស៉ី» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។

វាគ្មិននៃវេទិកានេះ មានដូចជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក សួស យ៉ារ៉ា តំណាងរាស្រ្ត និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា, លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកឆ្លើយឆ្លងទីភ្នាក់ងារព័ត៌មានក្យូដូ, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងមានការសម្របសម្រួលដោយ លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោកបណ្ឌិត គិន ភា បានឱ្យដឹងថា ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៉ីកាន់តែឡើងកម្ដៅខ្លាំងឡើងៗ ហើយសភាពការណ៍ហាក់កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម ស្របពេល ដែលស្ថានការណ៍នយោបាយពិភពលោក នាពេលបច្ចុប្បន្ន ក៏កំពុងវិវដ្តឥតឈប់ឈរ និងមានភាពមិនប្រាកដប្រជា ជាពិសេសការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចចាស់ និងមហាអំណាចថ្មី ដែលមានលក្ខណៈគួរឱ្យព្រួយបារម្ភយ៉ាងមែនទែន។

បើតាម លោកបណ្ឌិត គិន ភា, ក្នុងវេទិកានេះ នឹងមានការពន្យល់ទៅនឹងសំណួរមួយចំនួនដូចជា៖

- តើអ្វីជាមូលហេតុនៃភាពតានតឹងនេះ?
- តើសង្គ្រាមអាចផ្ទុះដែរឬទេ? បើសង្គ្រាមអាចផ្ទុះឡើង៖
- តើប្រទេសណាខ្លះអាចនឹងចូលរួមក្នុងសមរភូមិនេះ?
- តើអាវុធនុយក្លែអ៊ែរអាចនឹងត្រូវប្រើប្រាស់នៅក្នុងសង្គ្រាមនេះដែរឬទេ?
- តើសណ្តាប់ពិភពលោកនឹងទៅជាបែបណា?
- តើប្រទេសណានឹងរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងសង្គ្រាមនេះ?
- តើប្រទេសណាខ្លះនឹងចំណេញកប់ក្តោងពីសង្គ្រាមនេះ?
- តើប្រទេសតូចៗនឹងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ?

វេទិកានេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុករបស់រាជបណ្ឌិត្យសភាកម្ពុជា, ទំព័រហ្វេសបុករបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច និងបណ្តាញសារព័ត៌មានមួយចំនួនផងដែរ។

ប្រទេសរុស្ស៉ី បានដាក់ពង្រាយសព្វាវុធ និងកងទ័ពរាប់ម៉ឺននាក់រួចជាស្រេច នៅលើកទឹកដីរបស់ខ្លួនក្បែរព្រំដែនអ៊ុយក្រែន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ មក។ បណ្តាប្រទេសលោកខាងលិច បានចោទរុស្ស៉ីជាច្រើនលើកថា កំពុងត្រៀមឈ្លានឈានអ៊ុយក្រែន ហើយរុស្ស៉ីវិញក៏បានច្រានចោល ការចោទប្រកាន់ទាំងអស់នោះវិញផងដែរ។ យ៉ាងណាក៏ដោយ រុស្ស៉ីបានទាមទារឲ្យលោកខាងលិច ធានាឲ្យបានច្បាស់ថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការ NATO ជាដាច់ខាត៕