(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោកស្រី Minnie Chey ដែលទើបចូលកាន់តំណែង ជាប្រធានថ្មី នៃមូលនិធិសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund - EDCF) របស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងលោកស្រី Lee Hye-Kyung ដែលបានបញ្ចប់អាណត្តិ ចូលជួបសំដែងការគួរសម និងជម្រាបលា លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក វង្សី វិស្សុត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Minnie Chey ដែលត្រូវបានតែងតាំង ជាប្រធានថ្មី នៃស្ថានតំណាង EDCF ប្រចាំនៅកម្ពុជា និងជូនពរលោកស្រី ទទួលបាននូវជោគជ័យ ចំពោះភារកិច្ចថ្មី ក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណ ចំពោះលោកស្រី Lee Hye-Kyung ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារៈកិច្ចជាប្រធានស្ថាន តំណាង EDCF នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។

លោកថា ក្នុងអាណត្តិរបស់លោកស្រី Lee Hye-Kyung កម្ពុជា សម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន៨គម្រោង មានទឹកប្រាក់សរុបប្រមាណ ៤៤០លានដុល្លារ ដែលនេះជាស្នាដៃដ៏ធំធេងរបស់លោកស្រី និងជាការសម្រេចបាននូវផ្លែផ្កា សម្រាប់ប្រទេសកម្ពុជា។ បន្ថេមពីនេះ លោកក៏បានអបអរសាទរ លោកស្រី Lee Hye-Kyung ដែលទទួលបាននូវមុខតំណែងថ្មី ជាប្រធាន EDCF ប្រចាំតំបន់អាស៊ី (Director of Asia Team 2) ដែលទទួលបន្ទុកប្រទេសកម្ពុជា និងជូនពរលោកស្រី ទទួលបាននូវជោគជ័យចំពោះភារកិច្ចថ្មី ក្នុងអាណត្ដិរបស់លោកស្រីនៅសាធារណរដ្ឋកូរ៉េ និងសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកស្រី កម្ពុជានឹងទទួលបាននូវផ្លែផ្កាច្រើនបន្ថែមទៀត ពី EDCF។

លោក វង្សី វិស្សុត បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការផ្នែក ហិរញ្ញប្បទាន រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នាពេលកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) ក្នុងការរួមចំណែកដល់សកម្មភាព អភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា។

ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) ដែលមានធនាគារនីហរ័ណអាហរ័ណកូរ៉េ (Korea Eximbank) ជាភ្នាក់ងារអនុវត្ត ចាប់ពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េ បានផ្តល់អាទិភាពក្នុងការផ្តល់ឥណទានសម្បទានរបស់ខ្លួន គឺស្របទៅតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍របស់កម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

គិតមកដល់ដំណាច់ឆ្នាំ ២០២១កន្លងទៅនេះ ឥណទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ មានទឹកប្រាក់សរុបប្រមាណជាង១,២១១លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីអភិវឌ្ឍន៍ ចំនួន២៦គម្រោង។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីប្រតិភូ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់ការសន្យា កញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ និងសូមគាំទ្រចំពោះគំនិតផ្តួចផ្តើម ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតគោលនយោបាយលើកទី៤ ដែលគ្រោង នឹងប្រព្រឹត្តទៅនៅអំឡុង ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុននេះ។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានស្នើដល់ភាគីកូរ៉េ ឲ្យពិនិត្យលទ្ធភាពក្នុងការបង្កើនទំហំ នៃកញ្ចប់ឥណទានសម្បទានបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវវិនិយោគបន្ថែមរបស់កម្ពុជា ស្របតាមការរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចលើវិស័យ ដែលមានសក្តានុពលមួយចំនួន ដើម្បីជំរុញកំណើនដូចជា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង កសិកម្ម ទេសចរណ៍ និងឡូជីស្ទីក ព្រមទាំងឌីជីថល។

លោករដ្ឋមន្ត្រីប្រតិភូ ក៏ផ្តល់នូវក្តីសង្ឈឹមខ្ពស់ ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរ វាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងជួយជំរុញនូវពាណិជ្ជកម្មទេ្វភាគី រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងក្លា ក៏ដូចជាជួយទាក់ទាញវិស័យឯកជនកូរ៉េ ដើម្បីបង្កើនការបោះទុនវិនិយោគ ឲ្យបានច្រើននៅកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រីប្រតិភូ បានស្នើសុំដល់លោកស្រី ប្រធានថ្មី នៃ EDCF និងក៏ដូចលោកស្រីប្រធាន ដែលចប់អាណត្តិ ជួយជំរុញការផ្សព្វផ្សាយព័ត៌មានពីកម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចដល់វិស័យឯកជនកូរ៉េ ដើម្បីចូលមកទស្សនា និងបោះទុនវិនិយោគ នៅកម្ពុជាឲ្យបានច្រើន៕