(ភ្នំពេញ)៖ មិនទាន់ទៅណាផុតពីបឹងទន្លេសាបនោះទេ បន្ទាប់ពីជោគជ័យលើការងារទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកដោយខុសច្បាប់នោះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសថា លោកនឹងវែកមុខអ្នកបើកដៃឲ្យគេឆក់ត្រីនៅបឹងទន្លេសាប ដែលនាំឲ្យខាតបង់ផលប្រយោជន៍ជាតិ និងប្រជាជនយ៉ាងធ្ងន់ធ្ងរ មិនអាចអន់ឱនឲ្យបានឡើយ។

ក្នុងកិច្ចពិភាក្សាតុមូលមួយ នារាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោកបណ្ឌិត សុខ ទូច បានអះអាងថា ក្នុងរយៈពេលមួយយប់ អំពើឆក់ត្រីដោយខុសច្បាប់មួយនេះ បានឲ្យរដ្ឋខាតបង់ថវិកាប្រមាណ១ម៉ឺនដុល្លារ។ លោកថា លោកនឹងយកជីវិតធ្វើដើមទុនដើម្បីបំពេញការងារនេះ ខណៈលោកដឹងច្បាស់ថា សកម្មភាពឆក់ត្រីនេះ គេចាប់ផ្ដើមពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកតែប៉ុណ្ណោះ។

លោកបណ្ឌិត សុខ ទូច បានថ្លែងបែបនេះថា «ផ្ដាំទៅបឹងទន្លេសាប ឈប់ឆក់ត្រី មិនមែនខ្ញុំមិនដឹងទេ ហើយខ្ញុំនឹងតាមថតអ្នកឯងនៅពេលខាងមុខនេះ ហើយខ្ញុំបង្ហោះជាសាធារណៈ។ ឆក់មួយយប់អស់១ម៉ឺនដុល្លារ ម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក។ ខ្ញុំបានយកជីវិតធ្វើដើមទុនក្នុងបឹងទន្លេសាប ខ្ញុំមិនខ្លាចទេ ខ្ញុំបានតាំងចិត្តហើយ ខ្ញុំធ្វើសម្រាប់យុវជនទាំងអស់»

ត្រង់ចំណុចនេះ លោក សុខ ទូច ក៏បានផ្ញើសារទៅមន្ដ្រីជលផល និងអភិបាលខេត្តពាក់ព័ន្ធ ត្រូវទប់ស្កាត់សកម្មភាពនេះជាបន្ទាន់ ដើម្បីកុំឲ្យធ្ងន់ធ្ងរជាងនេះ។ លោកបន្ដថា បច្ចុប្បន្ននេះគេផ្អាកសកម្មភាពឆក់ត្រីបណ្ដោះអាសន្ន ដោយសារចូលឆ្នាំចិន ប៉ុន្ដែក្រោយពីចូលឆ្នាំចិនចប់ គេនឹងបន្ដសកម្មភាពនេះឡើងវិញ។

បើតាមលោកបណ្ឌិត សុខ ទូច បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំចិន លោកនឹងចុះទៅតំបន់បឹងទន្លេសាបឡើងវិញ ដើម្បីស្រាវជ្រាវ និងពិនិត្យការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងអស់នេះ ដើម្បីការពារផលប្រយោជន៍សម្រាប់ជាតិ និងយុវជនជំនាន់ក្រោយ។

គួរជម្រាបថា បឹងទន្លេសាប គឺជាជម្រកមច្ឆាជាតិចម្រុះ ដែលកំពុងរួមរស់នៅទីនោះ ហើយមច្ឆាជាតិទាំងអស់នោះ បម្រើឲ្យផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលទាមទារឲ្យមានការថែរក្សា ការពារយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ពិសេសអំពើឆក់ដោយខុសច្បាប់នេះ មិនត្រូវឲ្យកើតមានទៀតនោះឡើយ។

សូមរំលឹកថា បន្ទាប់ពីការផ្ដល់នូវធាតុចូលមួយចំនួនពី លោកបណ្ឌិត សុខ ទូចនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកាត់យកដីមួយចំនួនដែលជាដែនព្រៃលិចទឹករបស់បឹងទន្លេសាប ពីការកាន់កាប់ដោយខុសច្បាប់របស់បុគ្គលមួយចំនួនត្រឡប់មកវិញផងដែរ។ ក្រោយកាត់មកវិញ រាជរដ្ឋាភិបាល ក៏ជំរុញឲ្យការដាំដុះដើមឈរឡើងវិញផងដែរ សំដៅបង្កើតបានជាជម្រកមច្ឆាជាតិ និងទាក់ទាញភ្ញៀវទេសចរ៕