(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចរៀបចំធ្វើសមាជវិសាមញ្ញ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅព្រះដំណាក់វាលស្បូវ លេខA២៨៥ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ព្រមទាំង ធ្វើវិសោធនកម្មប្រការ មួយចំនួននៃលក្ខន្តិកៈគណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស។ នេះបើតាមលិខិតរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រហូតមកដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច មិនទាន់មានប្រធានដឹកនាំជំនួស សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅឡើយទេ បន្ទាប់ពីព្រះអង្គបានយាងចូលទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចការងារបក្ស ត្រូវបានចាត់ចែងដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ខណៈផ្ទៃក្នុងនៃថ្នាក់ដឹកនាំបក្សនេះ កំពុងមានភាពចម្រូងចម្រាស់នៅឡើយ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានស្នើឱ្យ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិន ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមលក្ខន្តិកៈ៕