(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២ សំដៅជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ទស្សនកិច្ចផ្លូវការនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ស្របជាមួយការប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅក្នុងឆ្នាំ២០២២នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងសាវនាការ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យប្រទេសទីម័រខាងកើតពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិការ ជាពិសេសពិនិត្យឲ្យមានកិច្ចសន្យា និងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ ផងដែរ។

លោកស្រីរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាពជិតស្និទ្ធ និងការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្នលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ អប់រំនិងការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

ចំពោះវិស័យពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការបន្តសន្ទុះនៃសកម្មភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ តាមរយៈការលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធរបស់ខ្លួនអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារ ដែលបានចុះហត្ថលេខារួចនាពេលកន្លងមក រួមមាន៖ (១)៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស, (២)៖ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច និង (៣)៖ អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានលើកទឹកចិត្តឱ្យពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសេវាកម្មផ្លូវអាកាស ដែលនៅមិនទាន់បានឯកភាពគ្នាផងដែរ។

សម្រាប់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអបអរសាទរគ្នាទៅវិញទៅមកចំពោះការទប់ស្កាត់បានដោយជោគជ័យនូវការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសរៀងៗខ្លួន និងចំពោះការបើកប្រទេសរបស់ខ្លួនបន្តិចម្តងៗ តាមរយៈការរស់នៅ និងសម្របខ្លួនតាម «គន្លងថ្មី»។ លោកស្រីរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត បានសម្តែងជាថ្មីម្តងទៀតនូវអំណរអរគុណរបស់រដ្ឋាភិបាលទីម័រខាងកើតចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ម៉ាស និងសម្ភារៈវេជ្ជសាស្រ្តដល់ប្រទេសទីម័រខាងកើត ក្នុងអំឡុងពេល ការរីករាលដាលនូវជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ លោកស្រី រដ្ឋមន្រ្តី ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត តាមពេលវេលាសមស្រប។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហានានាដែលជាផលប្រយោជន៍រួម និងបានសម្តែងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹងនៅក្នុងវេទិកាពហុភាគីនានា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។ លោកស្រី អាដាល់ជីហ្សា ម៉ាកណូ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជាដែលបន្តគាំទ្រសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត និងបានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីបណ្ឌិត អាដាល់ជីហ្សា ម៉ាកណូ ក៏បានជួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ៕