(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានអញ្ជើញឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសនេះ តាមពេលវេលាសមស្របណាមួយ។

ការអញ្ជើញរបស់លោកស្រីបណ្ឌិត បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឱកាសដែលលោកស្រីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២ សំដៅជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ លោកស្រីរដ្ឋមន្រ្តី ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត តាមពេលវេលាសមស្រប»។

ទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតទីម័រខាងកើតនាពេលនេះ ធ្វើឡើងស្របជាមួយការប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅក្នុងឆ្នាំ២០២២នេះ៕