(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងឆ្នាំ២០២២នេះ រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា មិនត្រូវឱ្យមានភ្ញៀវទេសចរចូលកម្សាន្តកកកុញលើសពីសមត្ថភាពផ្ទុកឡើយ។

តាមរយៈសារាចរណែនាំដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍បានណែនាំទៅកាន់មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តជាបន្ទាន់ ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះជាបណ្តោះអាសន្នសិន។

សារាចររបស់ក្រសួងទេសចរណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុកនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា មន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តជាបន្ទាន់ ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះជាបណ្តោះអាសន្នសិន»។

ក្រៅពីការណែនាំខាងលើនេះ ក្រសួងទេសចរណ៍ក៏បានណែនាំបន្ថែមដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន។

ក្រសួងទេសចរណ៍បានបន្តទៀតថា មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ទៅលើអាជីវកម្មទេសចរណ៍នានា ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

មិនតែប៉ុណ្ណោះ មន្ទីរទេសចរណ៍រាជធានី-ខេត្តក៏ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានារៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។

មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឲ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២២នេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ៕