(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌខណ្ឌចំការមន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាជូនពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត កុំឱ្យពួកគាត់មានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរ។ ការលើកឡើងនេះ បានធ្វើឡើងក្នុង កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោក ព្រុំ សំខាន់ បានសរសើរពីការខិតខំបំពេញកិច្ចការងាររបស់មន្ត្រី នៃរដ្ឋបាលខណ្ឌ-សង្កាត់ និងបានជំរុញបន្ថែមដល់មន្ត្រីនៃរដ្ឋបាលខណ្ឌ-សង្កាត់ បន្តសហការគ្នាក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជា បន្តកិច្ចកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ខាងមុខនេះ ដោយក្នុងនោះ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។ ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាស សែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក ព្រុំ សំខាន់ ក៏បានលើកឡើងពីការងារបន្តជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយពីវិធានការ «៣កុំ និង៣ការពារ» ដើម្បីបញ្ជៀសបាននូវការឆ្លង រីករាលដាលពីជំងឺកូវីដ-១៩ ជាពិសេស ប្រភេទបំប្លែងថ្មី អូមីក្រុង ដែលបានឆ្លងចូលដល់ក្នុងសហគមន៍យើងហើយនោះ។

លោកក្រុមប្រឹក្សាខណ្ឌ ក៏បានជំរុញឱ្យចៅសង្កាត់ទាំង៥នៅទូទាំងខណ្ឌ ពិនិត្យឡើងវិញពីបញ្ហាទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវតាមពេលវេលា និងម៉ោងកំណត់។

លោក ព្រំ សំខាន់ ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវបន្តដោះស្រាយ និងជួសជុសហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានឱ្យបានល្អ ដូចជាការជួសជុលផ្លូវ និងស្តារប្រព័ន្ធប្រឡាយលូជាដើម ដែលជាបញ្ហាសំខាន់ត្រូវដោះស្រាយជូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កុំឱ្យពួកគាត់មានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរ៕