(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងថា បើសិនជាដំណើរការប្រព្រឹត្តទៅដោយរលូននោះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោកថ្លែងបែបនេះ ក្នុងពិធីប្រគល់ និងទទួល ឱសថព្យាបាលជំងឺកូវីដ១៩ ចំនួន ២៣១កេស ទម្ងន់១១២៥គីឡូក្រាម ដែលរដ្ឋាភិបាលចិន ប្រគល់ជូនឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

លោក Wang Wentian បានបញ្ជាក់យ៉ាងដូច្នេះថា «យើងក៏រីករាយដែលដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគម្រោងនេះប្រព្រឹត្តទៅដោយភាពរលូន។ បើសិនជារលូន ប្រហែលជានៅខែមិថុនា (ឆ្នាំ២០២២) ផ្លូវនឹងត្រូវកសាងរួចរាល់»

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អនុវត្តនការស្ថាបនាដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារ អាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង។

ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ។

គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានការសាងសង់ ៨០ភាគរយហើយ។ នេះបើតាមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ សម្រេចបាន ៨០% ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ (ជាថវិកាវិនិយោគរបស់ក្រុមហ៊ុនឯកជន ក្រោមរូបភាព (សាងសង់-ប្រតិបត្តិការ-ផ្ទេរ- BOT)»