(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន១០ចំណុច សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២នេះ។

ពិធីបិទសន្និបាតបូកសរុបការងារនេះបានធ្វើឡើងនៅទីស្តីការក្រសួង នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរួមទៀត។

អនុសាសន៍ណែនាំសំខាន់ទាំង១០ចំណុច របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រួមមាន៖

* ទី១៖ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះមានជាអាទិ៍៖ សហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់នូវផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីកកម្ពុជា ជំរុញការសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន សំដៅសម្រួលពាណិជ្ជកម្ម និងទេសចរឆ្លងកាត់ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកថៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀង និងព្រៃវល្លឺ-ប៊ិញហៀប និងបណ្តាផ្លូវសំខាន់ៗឱ្យចប់សព្វគ្រប់។ បន្តស្តារ និងពង្រឹងគុណភាពផ្លូវជាតិសំខាន់ៗដូចជា៖ ធ្វើឱ្យប្រសើរ ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១, ផ្លូវលេខ៣៣, ផ្លូវលេខ៤១, ផ្លូវលេខ ៤៨, ផ្លូវលេខ ៥០ (កំពង់ឆ្នាំង-កំពង់ធំ), ផ្លូវលេខ ៥០សេ (ផ្សារក្រោមនៃផ្លូវជាតិលេខ៥ ទៅភូមិរការនៃផ្លូវជាតិលេខ ៦), ផ្លូវលេខ ៧១ សេ (ក្រុងសួង-ចំការលើ), ផ្លូវជាតិលេខ៧ ស្តន់-កំពង់ចាម, ផ្លូវកំពង់ចាម-ត្រពាំងផ្លុង, ផ្លូវតភ្ជាប់បាត់ដំបង-សៀមរាប និង ផែនការសកម្មភាពដទៃទៀត។

* ទី២៖ បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់មានជាអាទិ៍៖ គម្រោងផ្លូវក្រវាត់ក្រុងទី៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) និង (ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ ២ និងលេខ២២, គម្រោងកំណាត់ផ្លូវជាតិលេខ ៧ (ត្បូងឃ្មុំ-ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត។ បន្តផ្តោតការយកចិត្តទុកដាក់លើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដោយត្រូវទទួលយកតែគម្រោងណា ដែលបានសាងសង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស។

* ទី៣៖ បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងផ្លូវទឹក និងបន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីទឹក កខ្វក់ និងប្រព័ន្ធលូ រួមទាំងបទដ្ឋានបច្ចេកទេសក្នុងការសាងសង់, ជួសជុលថែទាំ និងប្រតិបត្តិការទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងបន្តជំរុញបញ្ចប់ ការតភ្ជាប់តំណប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ពីលំនៅឋានប្រជាជន និងទីតាំងអាជីវកម្មមកកាន់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងសាធារណៈ។ ត្រូវបន្តកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗ និងផ្លូវក្នុងទីប្រជុំជនពិសេស ការរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយចម្រុះទឹកកខ្វក់ ទីលានកប់កាកសំណល់ និងសំរាមនៅបណ្តាខេត្តសំខាន់ៗ និងតាមតំបន់មាត់សមុទ្រ។

* ទី៤៖ តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, បន្តជំរុញការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដែលមានស្រាប់សំដៅឱ្យក្លាយទៅជាផ្លូវ ដែកល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប និង បន្តឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមព្រមទាំងជំរុញដំណើរការស្តារ និង លើកកម្រិតសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែកឱ្យមានចលនារស់រវើក និងប្រកបដោយប្រសិទ្ធភាព។

* ទី៥៖ បន្តជំរុញបញ្ចប់ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក និងចំណុចឆ្លងកាត់រវាងផ្លូវដែក និងផ្លូវថ្នល់ ដើម្បីគ្រប់គ្រងដីចំណីផ្លូវដែកឱ្យមានប្រសិទ្ធភាព និង បញ្ចៀសការទន្ទ្រានកាន់កាប់នានា និងបន្តសហការជាមួយក្រសួងរៀបចំដែនដី, នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការចុះបញ្ជីដីកម្មសិទ្ធិស្ថានីយរថភ្លើងដែល នៅសេសសល់។

* ទី៦៖ បន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែឱ្យកាន់តែល្អប្រសើរឡើង រួមទាំងបន្តជំរុញបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត គណៈកម្មាធិការជាតិ ឆ្លើយតបនឹងការកំពប់ប្រេងផងដែរ។

* ទី៧៖ បន្តយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃ និងបន្តជំរុញការអភិវឌ្ឍកម្មវិធី (APP) តាមដានគ្រប់គ្រងព័ត៌មាន, ប្រវត្តិមធ្យោបាយ, វឌ្ឍនភាព និងការវាយតម្លៃលើការអនុវត្តគម្រោងចាប់តាំងពីពេល បើកការដ្ឋានសាងសង់រហូតដល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

* ទី៨៖ ខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការរៀបចំគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីក ដែលជាតម្រូវការទៅតាមលក្ខខណ្ឌនៃសកលភាវូបនីយកម្ម និងសមាហរណកម្មផ្ទៃក្នុងប្រទេស និង ក្នុងតំបន់។

* ទី៩៖ បន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សថ្នាក់ឧត្តមសិក្សា និងវគ្គជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីកតាមរយៈវិទ្យា ស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាដើម។

*ទី១០៖ បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាឱ្យបានល្អប្រសើរជូនប្រជាជន និងរុញសេវាសាធារណៈឱ្យកាន់តែខិតទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញនិង អនុវត្តប្រព័ន្ធស្វ័យ-ប្រវត្តិកម្មសម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានបន្ថែមថាក្នុងបរិការណ៍ដែលកម្ពុជា និងបណ្តាប្រទេសនៅជុំវិញសកលលោក បាននិងកំពុងបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលពិតជាមានតម្រូវការចាំបាច់ក្នុងការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធទន់ និងវិស័យឡូជីស្ទីក ដើម្បីចូលរួមកាត់បន្ថយថ្លៃដើម សំដៅធានាឱ្យបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ, ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក, ចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច និងចាប់យកកាលានុវត្តថ្មីៗ ដែលកើតចេញពីនិន្នាការបច្ចុប្បន្ន ដូចជាការបំលាស់ទីតាំងរោងចក្រពីប្រទេសនៅក្នុងតំបន់ជាដើម។

លោកបានបន្ថែមថា បើទោះបីជាកម្ពុជាសម្រេចបានវឌ្ឍនភាពល្អប្រសើរមួយចំនួនក៏ដោយ តែវិបត្តិនៃជំងឺកូវីដ១៩ បានបង្អាក់ដំណើរការការងារសំខាន់ៗខ្លះពិសេសបាន ធ្វើឱ្យគម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុកក៏ដោយ សូមក្រសួងសាធារណការ ខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារ មួយចំនួនទៀត ដែលមានសារៈសំខាន់ ជាយុទ្ធសាស្រ្តសម្រាប់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យចប់សព្វគ្រប់និងទាន់ពេល។

ជាមួយនោះលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានគាំទ្រពេញទំហឹងចំពោះទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបង្ហាញជំនឿយ៉ាងមុតមាំថា ជាមួយនឹងស្មារតីទទួលខុសត្រូវរួមគ្នា និងភាពជាធ្លុងមួយក្នុងការបំពេញការងាររបស់ថ្នាក់-ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង សាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងបុរេសកម្មរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទិសដៅការងារសម្រាប់ឆ្នាំ២០២២ នេះនឹងទទួលបានលទ្ធផលគួរជាទីមោទនៈផងដែរ៕