(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាថា ការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃ គឺដើម្បីបំពេញឱ្យបានត្រឹមត្រូវ នូវរចនាសម្ព័ន្ធ នៃការ គ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា ដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

ព្រះមេត្តិសត្ថាវង្ស កុសល មានសង្ឃដីការយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសនិមន្តជាអធិបតីប្រកាសតែងតាំងព្រះគ្រូយសភិបាលមុនី ស៊ុន យីម ជាព្រះចៅអធិការស្តីទី និងភិក្ខុ ផុន ភាន ជាគ្រូសូត្រស្តាំស្តីទីនៅវត្តមង្គលបញ្ញា ហៅវត្តបាញ់ឆ្គោល ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការ ចូលរួម ពីលោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ លោក មាស សំណាង ប្រធានការិយាល័យ តំណាងលោក សរ លាងប្រធានមន្ទីរធម្មការ និងសាសនា ព្រមទាំងពុទ្ធបរិស័ទចូលរួមផងដែរ។

ព្រះមេត្តិសត្ថាវង្ស កុសល មានសង្ឃដីការបន្តថា ទីវត្តអារាមជាទីជំរកអប់រំចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជន ដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្តសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូសម នឹង ទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និងសង្គមជាតិ ។

លើកឡើងនាឱកាសនោះដែរលោក មាស សំណាង បានផ្ដាំផ្ញើដល់ព្រះចៅអធិការស្តីទី និងគ្រូសូត្រស្តាំទើបតែងតាំងថ្មី និងពុទ្ធបរិស័ទត្រូវចេះសាមគ្គីភាព សហការគ្នា ឱ្យបានល្អគឺត្រូវគោរពតាមតួនាទីនិងភារកិច្ចរៀងៗខ្លួនជៀសវាងកើតមានអធិករណ៍នៅក្នុងវត្ត។

លោក ផៅ ស្រៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារនិងទប់ស្កាត់នូវជំងឺផ្សេងៗជាពិសេស ជំងឺ COVID-១៩ប្រភេទថ្មីអូមីក្រុង និងអនុវត្តតាមអនុសាសន៍ របស់សម្តេច ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារនិង៣កុំ ឱ្យបានជាប់ជាប្រចាំនិងត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗ គ្នាបង្កើតភាពផ្សំ ក្នុងសហគមន៍ ដើម្បីកាត់ផ្តាច់ជំងឺ ដ៏កាចសាហាវនេះពីសហគមន៍បានទាំងស្រុង។

លោក ផៅ ស្រៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅឱ្យខិតខំរៀនសូត្រជៀសឆ្ងាយពីគ្រឿង និងអំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើមផងដែរ៕