(ភ្នំពេញ)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានថ្លែងថា មានឈ្មោះជាសមាជិកសកម្មគណបក្សប្រជាជនកម្ពុជា គឺត្រូវតែធ្វើការងារជូនគណបក្សដោយសកម្ម ទាំងស្មារី ឆន្ទៈ និងកម្លាំង ហើយត្រូវស្មោះស្ម័គ្រជាមួយបក្ស និងប្រជាជន ព្រោះថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងអស់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីគណបក្សរឹងមាំ ទទួលបានការស្រឡាញ់គាំទ្រពីប្រជាជន និងដើម្បីបុព្វហេតុការពារសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើងទាំងមូល។

លោកបានបន្តថា អស់រយៈពេលជាង៣៧ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាបានឆ្លងកាត់ឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតប្រកបដោយឧត្តមគតិស្នេហាជាតិ និងឆន្ទៈមោះមុតរបស់កម្ពុជាបានបូជាអស់កម្លាំងកាយចិត្ត ជំនះបាននូវរាល់ឧបសគ្គទាំងនោះ ហើយបានដឹកនាំប្រទសឱ្យមានសុខសន្តិភាព ស្ថេរភាពពេញលេញ ព្រមទាំងកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយមានមុខមាត់លើឆាកអន្តរជាតិ មកដល់សព្វថ្ងៃ។

លោក ប៊ុន ហុន បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបនិងត្រួតពិនិត្យសកម្មភាពការងារ ឆ្នាំ២០២១ និងលើកទិសដៅពង្រឹងសកម្មភាពការងារឆ្នាំ២០២២ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅវិមាន៧មករា រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់សមាជិក-សមាជិកា នៃក្រុមការងារចំនួន ១០០នាក់។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានជំរុញឱ្យសមាជិក សមាជិកាក្រុមការងារទាំងអស់ ត្រូវមានសាមគ្គីភាពគ្នាល្អ សហការគ្នាល្អ រួមគ្នាទទួលខុសត្រូវជាគ្រួសារបក្សតែមួយ ហើយត្រូវត្រៀមលក្ខណៈ ខិតខំឱ្យអស់ពីកម្លាំងកាយចិត្តធ្វើសកម្មភាពការងាររួមគ្នា ដើម្បីដណ្តើមឱ្យបានជ័យជម្នះទាំង៦ឃុំ ក្នុងស្រុកគាស់ក្រឡ លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

លោក ប៊ុន ហុន ក៏បានថ្លែងអំណរគុណ និងថ្លែងកោតសរសើរដល់សមាជិក សមាជិកា ដែលតែងតែមានឆន្ទៈបំពេញការងារយ៉ាងសកម្ម ទាំងស្មារតី ធនធាន និងកម្លាំងដែលបានធ្វើអោយកិច្ចការរបស់ក្រុមការងារយើងទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក៕