(ភ្នំពេញ)៖ ភាគីកម្ពុជាស្នើទៅកាន់ភាគីអារ៉ាប៊ីសាអូឌីត ធ្វើយ៉ាងណាជួយជំរុញអ្នកវិនិយោគប្រទេសអ្នកមានមួយនេះ (សមាជិកក្រុមប្រទេស G20) មកបណ្ដាក់ទុនវិនិយោគឱ្យបានច្រើននៅរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា ខណៈកម្ពុជាបានអះអាងពីសន្តិភាព ស្ថិរភាព ការបើកសេដ្ឋកិច្ចឡើងវិញ និងការអនុគ្រោះជាច្រើនប្រការដល់អ្នកវិនិយោគ។

ការអំពាវនាវនេះធ្វើឡើងក្នុងជំនួបរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក សាអូដ អាល់ ស៊ូវេលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា និងវៀតណាម ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញមានកម្មករ-កម្មការិនីបម្រើការងារប្រមាណ៦០ម៉ឺននាក់។ រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលបានបង្ការទប់ស្កាត់ជំងឺកូវីដ-១៩បានយ៉ាងល្អ ដោយសារក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតទទួលបានចំណាត់ថ្នាក់លេខ៣លើពិភពលោក និងបានបើកសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ លោកស្នើទៅកាន់ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតជួយអំពាវនាវទៅដល់អ្នកវិនិយោគទុនពីប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យមកបណ្ដាក់ទុនវិនិយោគនៅរាជធានីភ្នំពេញឱ្យបានច្រើន ដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ រដ្ឋបាលរាជធានីភ្នំពេញនឹងទទួលយកអ្នកវិនិយោគទុនទាំងអស់ពីអារ៉ាប៊ីសាអូឌីត។

លោក សាអូដ អាល់ ស៊ូវេលីម បានលើកឡើងថា អារ៉ាប៊ីសាអូឌីតបានជំរុញឲ្យមានវិស័យទេសចរណ៍នៃទាំងពីរមានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីតបានមកទេសចរណ៍នៅកម្ពុជាច្រើន ហើយពលរដ្ឋកម្ពុជាក៏បានទៅទេសចរនៅប្រទេសអារ៉ាប៊ីសាអូឌីតច្រើនផងដែរ។

លោកមានបំណងចង់ចងសម្ព័ន្ធភាពឲ្យកាន់តែល្អប្រសើរជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះរដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតមានបំណងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដែរ ប៉ុន្តែត្រូវបានលើកពេលទៅវិញ ហើយគ្រោងនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងអំឡុងខែមីនា ឆ្នាំ២០២២ខាងមុខ។

លោក សាអូដ អាល់ ស៊ូវេលីម បានបន្តទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាសមាជិក G20 ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ដែលជាប្រទេសអ្នកមាន ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីតមានជំនួយជាច្រើនលើវិស័យមនុស្សធម៌ជាទៅលើប្រទេសមួយចំនួនលើពិភពលោក។ សម្រាប់កម្ពុជា អារ៉ាប៊ីសាអូឌីតបានជួយផ្ដល់អាហាររូបករណ៍និស្សិតកម្ពុជាចំនួន៨៥កន្លែង ទាំងបរិញ្ញាបត្រ និងបណ្ឌិត៕