(ភ្នំពេញ)៖ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្នុងនោះអង្គសន្និបាតបានលើកឡើងអំពីបញ្ហាសំរាមជាប្រធានបទចម្បង ខណៈមន្ត្រីបានអះអាងថា ក្រុមហ៊ុនប្រមូលសំរាមបានប្រតិបត្តិការតាមគោលការណ៍ល្អហើយ នៅឡើយតែប្រជាជនមិនទាន់ចូលរួមអនុវត្តឱ្យបានល្អ ពិសេសគឺការទុកដាក់សំរាម។

សន្និបាតបូកសរុបការងារនេះធ្វើឡើងក្រោមអធិបតីភាពលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមានការចូលរួមមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត នៅមន្ទីរបរិស្ថានរាជធានីផ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោក គាត រង្សី បានលើកឡើងថា ការងារក្នុងឆ្នាំ២០២១កន្លងមកនេះ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានបានចុះចាត់វិធានការចំពោះទីតាំងរោងចក្រសហគ្រាសជាច្រើនទីតាំងផងដែរ ដោយទីតាំងទាំងនោះពុំបានអនុវត្តតាមការណែនាំរបស់មន្ទីរបរិស្ថាន ដោយត្រូវបានមន្រ្តីជំនាញផាកពិន័យ តែដោយមានការសុំយោគយល់ពីម្ចាស់ទីតាំង និងសន្យាមិនឲ្យលើកក្រោយទៀតនោះឡើយ។ ក៏ប៉ុន្តែនៅតែបន្តល្មើសដដែល ដូច្នេះមន្រ្តីជំនាញបានចុះទៅធ្វើកិច្ចសន្យាម្ដងទៀត និងផាកពិន័យទ្វេគុណផងដែរ។

ប្រធានមន្ទីរបរិស្ថានបានបន្តថា ការងារដែលជោគជ័យធំបំផុត គឺការងារដែលកម្លាំងជំនាញពាក់ព័ន្ធចុះរុះរើផ្ទះបណ្ដែតលើទឹកទន្លេសាប និងរុះរើបែត្រីជាង២៥៩បែចេញពីផ្ទៃទន្លេសាប និងការងារចុះត្រួតពិនិត្យតាមរោងចក្រសហគ្រាស ការបូមខ្សាច់ ការលំហូរទឹកកង្វក់ជាដើម។

លោកបានបន្តទៀតថា កន្លងមក ក្រុមហ៊ុនប្រមូលសំរាមមានតែមួយ ការប្រមូលសំរាមមិនសូវបានល្អប្រសើរ ធ្វើឲ្យកើតឡើងនូវដេប៉ូសំរាមជាច្រើនទីតាំងក្នុងមូលដ្ឋានរាជធានីភ្នំពេញ ប៉ុន្តែក្រោយមករដ្ឋបាលរាជធានីភ្នំពេញសម្រេចឲ្យក្រុមហ៊ុនចំនួន៣ចេញប្រតិបត្តិការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញបានល្អស្អាត និងបន្តលុបបំបាត់ដេប៉ូសំរាមជាច្រើនផងដែរ។

លោកអភិបាលរង ហួត ហៃ បានលើកឡើងថា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញសព្វថ្ងៃ មានក្រុមហ៊ុនប្រមូលសំរាមចំនួនរួមមាន៖

ទី១. ក្រុមហ៊ុន៨០០ស៊ូភើ (800 SUPER) និងក្រុមហ៊ុនគ្លូបប៊លអ៊ែកសិនហ្វរអ៊ិនវ៉ាយ រ៉ឺម៉ិន អឺ វែរនេស ផាប់ប្លីក លីមីតធីត (Global Action for Environment Awareness Public Limited)

ទី២. ក្រុមហ៊ុនម៉ិស៊ូដា គ្រុប (Mizuda Group Co., Ltd)

ទី៣. ក្រុមហ៊ុនស៊ិនទ្រី (Cintri Cambodia)/ អេវើប្រាយ (Everbright China)។

លោកអភិបាលរងរាជធានីភ្នំពេញបានលើកឡើង និងកោតសសើរដល់ក្រុមហ៊ុនម៉ិស៊ូដា គ្រុប (Mizuda Group Co., Ltd) ធ្វើការងារបានល្អស្អាតក្នុងមូលដ្ឋានខណ្ឌដែលខ្លួនទទួលខុសត្រូវ។

លោកបញ្ជក់ថា នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាមហើយ ប៉ុន្តែនៅបញ្ហាអ្នកបញ្ចេញសំរាមមិនអនុវត្ត។ ជាគោលការណ៍ ការបញ្ចេញសំរាមក្នុងមូលដ្ឋានខណ្ឌទាំង៥កណ្ដាលរាជធានីភ្នំពេញ គឺមានតែរយៈពេល៣ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៩យប់ ហើយក្រុមហ៊ុនចាប់ផ្ដើមប្រមូលចាប់ពីម៉ោង៩យប់ទល់ភ្លឺ។

លោករដ្ឋលេខាធិការ ស្រ៊ុន ដារិទ្ធិ បានលើកឡើងដែរថា ក្នុងឆ្នាំ២០២១ កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីក្រោមឱវាទទាំងអស់ទទួលបានលទ្ធផលវិជ្ជាមាន និងបន្តយកចិត្តទុកដាក់បន្ថែមទៀតផងដែរ ដើម្បីគ្រប់គ្រងការទុកដាក់សំរាមឲ្យបានល្អ៕