(ភ្នំពេញ)៖ ក្នុងមួយសបា្តហ៍នេះ ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ជាតិនិងអង្គការអន្តរជាតិបានចេញរបាយការណ៍ជាបន្តបន្ទាប់ ទាក់ទងនឹងស្ថានភាពនៃការការពារនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាដែលរួមមានរបាយការណ៍ពីសាកលវិទ្យាល័យ Copenhagen និងក្រុមបណ្តាញសហគមន៍ក្នុងស្រុក ពី គម្រោងយុត្តិធម៌បរិស្ថាន ហើយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ នេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានផ្សាយចេញរបាយការណ៍មួយក្រោម ចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច» ទាក់ទងនឹងដែនជម្រកសត្វព្រៃចំនួនពីរគឺ ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ។ ការចេញរបាយការណ៍ជាបន្តបន្ទាប់របស់ក្រុមអង្គការទាំង នេះត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានលើកឡើងថាមាន ការសម្របសម្រួល រៀបចំជាលក្ខណៈប្រព័ន្ធក្នុងយុទ្ធនាបំផ្លាញមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងព្យាយាមបង្កើតការយល់ច្រឡំរបស់ពលរដ្ឋលើកិច្ចការអភិរក្ស ខណៈកម្ពុជាត្រូវបានពិភពលោកកោតសរសើរថាជាប្រជាជាតិដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញនូវផែនការដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងកាលដែលកម្ពុជាទទួលជោគជ័យជាបន្តបន្ទាប់លក់ឥណទានកាបូន​នៅលើទីផ្សារអន្តរជាតិ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថានបានវាយបកទៅក្រុមសមាគមនិងអង្គការទាំង៣ខាងលើ ដោយចាត់ទុកការ​ចេញរបាយការណ៍​ទាំងនេះគឺជាផែនការដ៏អសោចក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងចាត់ទុក ក្រុមសកម្មជននិងអង្គការក្នុងស្រុកថាស៊ីជោរតាមការបញ្ចើចបញ្ជើរបស់បរទេស និងត្រូវបានគេ​ប្រើប្រាស់​តាមរយៈការផ្តល់ថវិកាគាំទ្រគម្រោងបំផ្លាញប្រទេសខ្លួនឯងដោយមិនដឹងខ្លួន។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថាអ្វីដែលអង្គការគ្មានវិជ្ជាជីវៈ និងអង្គការមានចរិតនយោបាយ Amnesty International និងសហគមន៍និង​អង្គការ​សម្ព័ន្ធមិត្តរបស់ពួកគេធ្វើគឺបង្ហាញយ៉ាងច្បាស់ជាយុទ្ធនាប្រឆាំងនឹងកម្ពុជា។ ប៉ុន្តែលោករដ្ឋលេខាធិការបានថ្លែងថា គោលបំណង ទុច្ចរិតរបស់ពួកគេមិនបាន​ជោគជ័យ​ឡើយព្រោះស្ថានភាពជាក់ស្តែងមិនដូចអ្វីដែលពួកគេលើកឡើងបំភ្លៃក្នុងរបាយការណ៍។ លោក នេត្រ ភក្ត្រា បានថ្លែងថា នៅរៀងរាល់ដើមឆ្នាំនីមួយគឺជារដូវកាល​ដែលសមាគមនិងអង្គការសង្គមស៊ីវិលចេញរបាយការណ៍ដើម្បីធ្វើអាជីវកម្ម និងទាញចំណេញផលប្រយោជន៍ពីបញ្ហាបរិស្ថាននិងធនធានធម្មជាតិ ក្នុងគោលដៅដើម្បីធ្វើ របាយការណ៍ប្រចាំឆ្នាំដែលពួកគេចាយលុយម្ចាស់ជំនួយផង និងដើម្បីស្វែងរកការគាំទ្រថវិកាបន្ថែមទៀតសម្រាប់ឆ្នាំទៅមុខ។ លោកបានគូសបញ្ជាក់​ថាវាមិនមែនជារឿង​ចម្លែកទេ សម្រាប់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ប្រសិន បើមិនសរសេររបាយការណ៍អាក្រក់ពីកម្ពុជា នោះពួកគេនឹង មិនទទួលបានជំនួយ​បន្តពីម្ចាស់ជំនួយឡើយ។ លោកបាន ថ្លែងថាម្ចាស់ជំនួយគួរពិចារណាបន្ថែមផ្តល់ការគាំទ្រចំពោះសមាគមនិងអង្គការ​មិនមែនរដ្ឋាភិបាល ដែលបម្រើឧត្តមប្រយោជន៍​ពិតប្រាកដ ជាជាងគាំទ្រចំពោះក្រុមអ្នកតាំងខ្លួន ជាអ្នកស្រឡាញ់ និងបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដើម្បីធ្វើមុខជំនួយ ទាញចំណេញផលប្រយោជន៍​ផ្ទាល់ខ្លួន និងពោរពេញដោយជំងឺតួឯក គិតថាមានតែខ្លួននិងបក្ខពួកខ្លួនប៉ុណ្ណោះដែលស្រឡាញ់និងការពារធនធានធម្មជាតិ ចំណែកមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន អង្គការក្រៅរដ្ឋាភិបាលភាគច្រើនដែលបានសហការជាមួយរដ្ឋាភិបាល និងប្រជាសហគមន៍តំបន់ការពារធម្មជាតិដែលលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុបរិស្ថាននិង​ធនធានធម្មជាតិ បែរជាត្រូវបានចោទប្រកាន់ថាជាអ្នកបំផ្លាញធនធានធម្មជាតិទៅវិញ។

លោករដ្ឋលេខាធិការបានថ្លែងថា ពួកគេគួរលះបង់ចោលនូវទស្សនៈជំងឺតួឯកនេះ ហើយគូសបញ្ជាក់ថាវីរជនការពារព្រៃ ឈើពិតប្រាកដគឺមន្ត្រីឧទ្យានុរក្សនិ​ងប្រជា​សហគមន៍ អង្គការដៃគូដែលសហការប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈខ្ពស់ អ្នកដែលបានឈរជើងការពារទាំងថ្ងៃទាំងយប់ ទាំងកណ្តាលថ្ងៃក្តៅ និងភ្លៀងឯណោះទេ មិនមែនក្រុមជនបានតែអង្គុយ សរសេររបាយការណ៍ដើម្បីដូរជំនួយឡើយ។ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបញ្ហាពុករលួយ លោក នេត្រ ភក្ត្រា បានថ្លែងថា សូមឱ្យអង្គការ Amnesty International បង្ហាញភស្តុតាងឱ្យច្បាស់លាស់ថាតើបុគ្គលណាម្នាក់ពិតប្រាកដដែលបានប្រព្រឹត្តនោះ ជៀសវាងការនិយាយចោទប្រកាន់ដោយ​គ្មានភស្តុតាង​ជាទូទៅក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីក្រសួងបរិស្ថានទាំងមូល។ លោករដ្ឋលេខាធិការបានលើកឡើងថា៖ «ប្រសិនមានភស្តុតាងច្បាស់លាស់មែន ក្រសួងបរិស្ថាន​សូម​ស្វាគមន៍ និងបើកការស៊ើបអង្កេតលើករណីចោទប្រកាន់ទាំងនោះ ប៉ុន្តែបើត្រឹមលើកឡើងបែបអនាមិក នោះបង្ហាញថាអង្គការ Amnesty International គ្រាន់តែជា​អង្គការប្រឌិតរបាយការណ៍ឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងសងសឹកជំនួសឱ្យបក្ខពួក​ខ្លួននៅក្នុង​ស្រុក​ដែលកំពុងតែបំពានច្បាប់ និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំង​កម្ពុជាជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាននិង​ធនធានធម្មជាតិតែប៉ុណ្ណោះ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ ពួកគេបានធ្វើជាច្រើនដងរួចមកហើយ និងគ្មានតម្លៃទៀតទេ។ ខ្ញុំសូមគូសបញ្ជាក់​ថាមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលបាននិងកំពុងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ»។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ កម្រិតនៃភាពរិចរិលនៃព្រៃឈើមានការធ្លាក់ចុះ ហើយកម្ពុជាបាននិងកំពុងការពារនិងអភិរក្សព្រៃធម្មជាតិដែលនៅសស់ និងបានលក់ឥណទានកាបូន នៅលើទៅ ផ្សារស្ម័គ្រចិត្តថែមទៀតផងចាប់តាំងពីឆ្នាំ ២០១៦ មក ក្រោមទោសស្លោក «ថែររក្សាឈើឈរ ដើម្បីរកចំណូល»។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថាប្រទេសកម្ពុជាបានប្តេជ្ញាដាក់ឱ្យដំណើរការនូវប្រព័ន្ធត្រួតពិនិត្យព្រៃ ឈើជាតិ និង ប្រព័ន្ធព័ត៌មានសុវត្ថិភាពបរិស្ថាន និងសង្គម សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ (REDD+) និងកំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់​ព្រៃឈើមកត្រឹមពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ ក្នុងវិស័យព្រៃឈើនិងការប្រើប្រាស់ដី (FOLU) ស្របតាមយុទ្ធសាស្ត្ររ៉េដបូកជាតិកម្ពុជា។

លោក នេត្រ ភក្ត្រា បានបន្តថា កម្ពុជាតាមរយៈក្រសួងបរិស្ថានមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងគោរពសិទ្ធិរបស់ជនជាតិដើមភាគតិច​គួយដែលរស់នៅក្នុង​តំបន់ការពារធម្មជាតិ ដោយបានចែករំលែកការទទួលខុសត្រូវដល់ពួកគេក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិ តាមរយៈការបង្កើតសហគមន៍ តំបន់ការពារ​ធម្មជាតិ និងទទួលស្គាល់ពួកគេតាមផ្លូវច្បាប់។ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិទាំង ១៨២ នៅក្នុងតំបន់ការពារធម្មជាតិ មានសហគមន៍របស់ជនជាតិដើម​ភាគតិចចំនួន ៥២ ក្នុងនោះរាប់ទាំងសហគមន៍ជនជាតិដើមភាគតិចគួយក្នុងខេត្តព្រះវិហារចំនួន ៨ ដែលកំពុងតែធ្វើកិច្ច សហការជាមួយក្រសួងបរិស្ថាន​ក្នុងតំបន់​ដែនជម្រកសត្វព្រៃព្រៃឡង់។ ពួកគេមានសិទ្ធិសេរីភាពពេញ លេញក្នុងការចុះល្បាតព្រៃដែលអនុញ្ញាតដោយច្បាប់ និងទទួលបានកិច្ចសហការល្អពីក្រសួង​បរិស្ថាន ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្រសួងបរិស្ថានក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ពួកគាត់តាមរយៈការបង្កើតមុខរបរ បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន។ អ្វីដែលអង្គការ Amnesty International លើកឡើងលើករណីជនជាតិដើមភាគតិចគួយក្នុងរបាយការណ៍ពួកគេគឺជាការភូត កុហក និងបង្កប់ចរិតនយោ​បាយក្នុង​ការចោទ​ប្រកាន់គ្មានមូលដ្ឋាន​ប្រឆាំងនឹងកម្ពុជា។ អង្គការនេះ បានព្យាយាមក្នុងការការពារក្រុមជនខិលខូចមួយចំនួនដែលជ្រកក្រោម​ស្លាកអ្នកស្រឡាញ់ធនធាន​ធម្មជាតិ​និង​បរិស្ថាន និងពេលនេះបានយកករណីជនជាតិដើមភាគតិចមកគេងចំណេញនយោបាយ។ ពួកគេមិនមែនជាអ្នកតំណាងសហគមន៍ជនជាតិដើម​ភាគតិចស្របច្បាប់ឡើយ តែជាសកម្មជននយោបាយជ្រកក្រោមស្លាកបរិស្ថាននិងធនធានធម្មជាតិច្រើនជាង៕

http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-16-47-0.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-16-50-1.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-16-54-2.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-16-57-3.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-17-01-4.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-17-05-5.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-17-08-6.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-17-12-7.JPG http://image.freshnewsasia.com/2021/id-022/fn-2022-01-28-20-17-15-8.JPG