(កណ្តាល)៖ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅវត្តសិរីសាគរ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែកនិងព្យាបាល ដោយមានការចែកថ្នាំជំនួយសុខភាពភ្នែក ថ្នាំព្យាបាល និងវ៉ែនតាម្ញ៉ូប ជូនដល់បងប្អូនប្រជាជនក្នុងឃុំព្រែកតាមាក់ ដែលមានបញ្ហាសុខភាពភ្នែកប្រមាណជាង ២០០នាក់ ក្រោមអធិបតីភាពរបស់លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)។ កម្មវិធីនេះត្រូវបានរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ និងគោរពយ៉ាងម៉ឺងម៉ាត់តាមវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ ៣កុំ ៣ការពារ ផងដែរ។

កម្មវិធីនេះ គឺជាលទ្ធផលនៃកិច្ចសហការរៀបចំរវាង វ.ស.ស. អង្គការស្តារនិងអភិវឌ្ឍន៍គ្រួសារកម្ពុជា ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យអង្គឌួង និងអាជ្ញាធរស្រុកខ្សាច់កណ្តាល ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងនិងកិច្ចសហការល្អរវាងអាជ្ញាធរនិងអង្គការសង្គមស៊ីវិល ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ការធ្វើឱ្យមានសុខដុមនីយកម្មសង្គម និងការគាំទ្រជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន។

ក្នុងឱកាសនេះ លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ សេចក្តីរីករាយ និងការអបអរសាទរចំពោះការផ្តល់សេវាពិនិត្យសុខភាពនិងព្យាបាលភ្នែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកតាមាក់នាពេលនេះ។

ដោយសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើវិស័យសុខភាពសាធារណៈ លោកប្រធានក្រុមប្រឹក្សាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់វិស័យសុខភាពសាធារណៈ ដោយទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងបានលើកបង្ហាញអំពីជោគជ័យនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការគ្រប់គ្រងវិបត្តិនៃជំងឺនេះបានយ៉ាងល្អ និងឈានទៅមានភាពស៊ាំខ្ពស់នៅក្នុងសហគមន៍។

បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាភិបាល និងគណៈប្រតិភូបានអញ្ជើញពិនិត្យការផ្តល់សេវាសុខភាពភ្នែកជាក់ស្តែងជូនអ្នកជំងឺ និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួន ក្រោមបរិយាកាសស្និទ្ធស្នាលនិងសប្បាយរីករាយ៕