(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងដូចគ្នា នៅចំពោះមុខសិស្សានុសិស្សចំនួន១,២២៥នាក់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ នូវគុណបំណាច់ដ៏ធំធេង នៃសុខសន្តិភាព ដែលរកបានមកដោយលំបាកលំបិនដោយមគ្គុទេសឯកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកសាងប្រទេសជាតិពីផេះផង់បន្សល់ពីជំនាន់របបអាវខ្មៅ ប៉ុល ពត។

លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលខេត្ត បានថ្លែងក្នុងអត្ថន័យយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងសាលប្រជុំ នៃមន្ទីរបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងបញ្ជាក់ថា «អរគុណសន្តិភាព» អរគុណមគ្គុទេសឯក សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះវិស័យអប់រំឃើញមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ មានគុណភាពកាន់តែខ្ពស់ឡើង ដែលផលិតបានធនធានមនុស្ស បញ្ញវន្តកាន់តែច្រើនឡើងៗ ក្នុងការចូលរួមបម្រើប្រទេសជាតិ ចូលរួមកសាងជាតិទាំងអស់គ្នា ឲ្យរីកចម្រើនទៅមុខជាលំដាប់។

លោកបានថ្លែងបន្តថា កូនទាំងអស់ត្រូវចេះស្គាល់ពីសមត្ថភាពខ្លួន សិក្សាលើជំនាញដែលខ្លួនពេញចិត្ត បន្តការខិតខំប្រឹងប្រែងរៀនសូត្រឡើង ហើយរៀនមិនចេះចប់ រៀនហើយរៀនទៀត ធ្វើខ្លួនឲ្យក្លាយជាធនធានមនុស្សខ្លាំងសម្រាប់ប្រទេសជាតិយើង ដើម្បីឈានដល់កម្រិតខ្ពស់មួយប្រជែងនឹងពិភពលោក។ ព្យាយាមសិក្សាស្វែងយល់ ស្រាវជ្រាវ អភិវឌ្ឍន៍ជំនាញឲ្យដល់កម្រិតកំពូល ដើម្បីក្លាយជាមនុស្សដែលមានសក្ដានុពលខ្លាំង រួមគ្នាកសាងប្រទេសជាតិឲ្យរុងរឿង រីកចម្រើនឡើង។

ជាមួយគ្នានេះដែរ លោក គង់ សោភ័ណ្ឌ បានថ្លែងថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ដែលបានដឹកនាំប្រទេសជាតិឲ្យរីកចម្រើន ក្នុងនោះឃើញថា វិស័យអប់រំមានការរីកចម្រើន បណ្ដុះបានធនធានមនុស្សកាន់តែច្រើនឡើងៗ កាន់តែមានគុណភាពខ្ពស់ឡើងៗ ដែលសិស្សខ្លះបានឈានដល់កម្រិតសិក្សានៅបរទេស ដោយបញ្ចប់ថ្នាក់បណ្ឌិត និងខ្លះចប់ថ្នាក់បណ្ឌិតនៅក្នុងស្រុក ដែលទាំងអស់គ្នាសុទ្ធសឹងតែជាធនធានមនុស្សដ៏មានសក្ដានុពល មានគុណភាព មានសមត្ថភាពខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនឡើង។

លោកអភិបាលខេត្តបន្តថា សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រឡើង ព្យាយាមដុសខាត់សំលៀងចំណេះជំនាញរបស់ខ្លួន ឲ្យកាន់តែខ្លាំងឡើង ដើម្បីឈានដល់កម្រិតជួយខ្លួនឯងផង គ្រួសារផង សង្គមជាតិផង ធ្វើយ៉ាងណារៀនឲ្យមានចំណេះធ្វើ រៀនឲ្យមានសិលធម៌ រៀនឲ្យក្លាយជាអ្នកស្នងតំណែងដឹកនាំប្រទេសជាតិឲ្យរុងរឿង រីកចម្រើនឡើង។

គួរជម្រាបថា សិស្សានុសិស្សនៅខេត្តកណ្ដាល ដែលប្រឡងជាប់និទ្ទេស A មានចំនួន៣២នាក់ ទទួលបានរង្វាន់ម៉ូតូស៊េរីថ្មីមួយគ្រឿង ក្នុងនោះមានសិស្សសាលា Westland ចំនួន៤នាក់, សិស្សជាប់និទ្ទេស B មានចំនួន១១៦នាក់, សិស្សជាប់និទ្ទេស C មានចំនួន២០២នាក់, សិស្សជាប់និទ្ទេស D មានចំនួន៣៥៦នាក់, សិស្សជាប់និទ្ទេស E មានចំនួន៣៨៧នាក់៕