(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានណែនាំដល់បេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ យកជ័យជំនះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខឱ្យខាងតែបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារដឹកនាំលើគ្រប់វិស័យ រយៈពេល៥ឆ្នាំ ២០១៧-២០២២ និងទិសដៅអនុវត្តបន្ត ២០២២-២០២៧ និងជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ទាំងពេញសិទ្ធ និងបម្រុង ក្នុងស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់, ឯកឧត្តម លោកជំទាវ សមាជិកគណ:អចន្ត្រៃយ៍ គណ:កម្មាធិការគណបក្សខេត្ត្ត, ប្រធាន អនុប្រធានគណបក្សស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់, ប្រធាន អនុប្រធានក្រុមការងារ, មន្ត្រីគណបក្សស្រុក ក្រុង ឃុំ សង្កាត់ និងបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ យ៉ាងច្រើនកុះករ។

ក្រោយពីប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុង បានអាននូវមតិស្វាគមន៍ និងរបាយការណ៍សង្ខេប អំពីលទ្ធផលនៃការបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់នោះរួចមក, ឯកឧត្តម ស៊ុយ សែម បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅកាន់បេក្ខជនទាំងពេញសិទ្ធ និងបម្រុងទាំងអស់ ត្រូវបំពេញភារកិច្ចចំបងៗរួមមាន៖

១-បេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ យកជ័យជំនះក្នុងការបោះឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខឱ្យខាងតែបាន។
២-បន្តផ្សព្វផ្សាយអំពីសមិទ្ធផលជាផ្លែផ្កា ដែលគណបក្សសម្រេចបាន នៅក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត និងនៅទូទាំងប្រទេស។
៣-បន្តពង្រឹង និងពង្រីកសមាជិកបក្ស ដោយអនុវត្តនូវវិធីសាស្ត្រ សមាជិកបក្ស១រូប គឺសន្លឹកឆ្នោត ១សន្លឹក។
៤-ធ្វើការវាយបកឱ្យបានទាន់ពេលវេលា ទៅលើពួកអគតិ និងពួកគណបក្សប្រឆាំង ដែលវាយប្រហារ និងនិយាយមួលបង្កាច់គណបក្សរបស់យើង។
៥⁃បន្តចុះជួបជាមួយគ្រួសារបក្ស ក្រុមបក្ស សមាជិកបក្ស មុនសម័យឃោសនាបោះឆ្នោត ដោយសហការជាមួយក្រុមការងារ តាមមូលដ្ឋាន ឃុំ សង្កាត់ ភូមិរៀងៗខ្លួន ផ្អែកលើឯកសារគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ រយៈពេល៥ឆ្នាំ ២០២២-២០២៧។
៦⁃ក្រុមការងារ ត្រូវផ្តល់ឱកាសដល់បេក្ខជន ក្រុមប្រឹក្សាសង្កាត់ ក្នុងពិធីជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ឧទ្ទេសនាម អំពីទិសដៅធំៗទាំង៧ចំណុច នៃគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្ស និងការប្តេជ្ញាចិត្ត របស់បេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងការបំរើប្រជាពលរដ្ឋ ឱ្យបានតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។
៧-រៀបចំផ្លាស់ប្តូរស្លាកសញ្ញាគណបក្ស ដែលចាស់ខូចខាត ឱ្យបានថ្មីស្អាតល្អ ជាភាពទាក់ទាញ។

សូមបញ្ជាក់ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម ក៏បានចែកជូនវត្ថុកំដរដៃ ជាថ្នាំគ្រាប់ឱសថបុរាណចិន (LIANHUA QINGWEN ) ដល់អ្នកចូលរួមទាំង២ទីតាំង ដោយក្នុងម្នាក់ៗទទួលឱសថ ០៣ប្រអប់ផងដែរ៕