(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ដែលមានការចូលរួមពីសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត។

សិក្ខាសាលានេះ បានធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងថា ទោះបីជាកម្ពុជា ស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងនាមអាជ្ញាធរខេត្ត នៅតែបានបន្តចូលរួមចំណែកយ៉ាង°សកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ កិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ដោយបានសម្រេចនូវសមិទ្ធផលជារូបវ័ន្ត និងអរូបវ័ន្តសំខាន់ៗជាច្រើន។

លើសពីនោះលើបេសកកម្មបុព្វហេតុការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និយាយដោយឡែកសាខា បានឆ្លើយតបបន្ទាន់ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយនានា រួមទាំងគ្រោះថ្នាក់ចរាចរណ៍ ការអប់រំសុខភាព និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ ចាត់តាំងកម្លាំងមន្រ្តីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អស់កម្លាំងកាយ-ចិត្ត ធ្វើការផ្សព្វផ្សាយ ចំណេះដឹងអំពីវិធានការការពារ និងការងារលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សរបស់ចលនា និងការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍន៍ធនធាន។ល។

ទន្ទឹមនឹងនេះ លោកស្រី ពុំ ន្ទីនី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក លោកស្រី នាយក-នាយិកា នាយករង-នាយិការង មន្ដ្រីក្រុមប្រតិបត្តិ ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តឥតឈប់ឈរលះបង់ពេលវេលាដ៏មមាញឹក និងមានតម្លៃ ចូលរួមចំណែកបំពេញនូវសកម្មភាពមនុស្សធម៌។

ជាពិសេសចូលរួមឧបត្ថម្ភ គាំទ្រការងារអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ស្របតាមយុទ្ធសាស្រ្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១-២០៣០។

ជាមួយគ្នានេះដែរ ក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានសម្ដែងនូវសកម្មភាពនៃការអប់រំផ្សព្វផ្សាយអំពីការប្រើប្រាស់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំ និងការតម្រង់ទិសនៃមន្ដ្រីជំនាញការងារ សុវត្ថិភាពចរាចរណ៍។

លោកស្រីបានថ្លែងទៀតថា នៅជំហ៊ានទី១ គឺកាកបាទក្រហមកម្ពុជា បានកសាងយុទ្ធសាស្រ្ត ២០២១-២០៣០ សម្រាប់រយៈពេល១០ឆ្នាំទៅខាងមុខ ដែលនឹងចេញជា២ដំណាក់កាល, ដំណាក់កាលទី១ ឆ្នាំ២០២១-២០២៥ និងដំណាក់កាលទី២ ២០២៦-២០៣០ ដែលនឹងកំណត់សូចនាករ លទ្ធផលរំពឹងទុក និងពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត ហើយដែលត្រូវមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយតាមវិស័យ៦ដទៃទៀតរបស់កាកបាទក្រហមកម្ពុជា។

ជាងនេះទៅទៀត យុទ្ធសាស្ត្រនេះ មានទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ ព្រមទាំងបានប្តូរពីវិស័យស្នូល ទៅជាវិស័យអាទិភាពវិញនៅក្នុងយុទ្ធសាស្ត្រនេះ។

ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ បានសង្កត់ធ្ងន់លើការងារពង្រឹង និងពង្រីកកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ស្របតាមអនុស្សរណៈយោគយល់រវាង កាកបាទក្រហមកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លើបរិមាណ និងគុណភាពជាចម្បង។

ជាងនេះទៅទៀតលើកកម្ពស់ និងឱ្យតម្លៃលើភាពលេចធ្លោរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត រួមទាំងការតម្រង់ទិសការរៀបចំផែនការអភិវឌ្ឍន៍សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ៥ឆ្នាំ (២០២១-២០២៥) ក្នុងជំហ៊ានទី១ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

សូមជម្រាបផងដែរថា ខាងក្រោមនេះជាលទ្ធផល នៃការការចូលរួមមតិ និងពិភាក្សា ២៥រាជធានីខេត្តនៃសិក្ខាសាលាចំនួនពីរថ្ងៃនេះ៖

*ចំណុចលេចធ្លោនៃការងារអភិវឌ្ឍយុវជន អ្នកស្ម័គ្រចិត្ត ទទួលបានផ្លែផ្កាជោគជ័យ និងសមិទ្ធិផលសម្រេចបានជាច្រើន ទោះបីស្ថិតក្នុងកំឡុងវិបត្តិនៃជំងឺកូវីដ-១៩ សាខាជំរុញការងារផ្សព្វផ្សាយ បណ្តុះបណ្តាល ការកសាងភាពធន់ដល់សហគមន៍តាមរយៈកម្លាំងចលករ នៃយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងចំណុចគន្លឹះក្នុងការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ឱ្យងាកមកគោរព និងអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៅកម្ពុជា។

*គាំទ្រនូវការលើកឡើងពីរបាយការណ៍សកម្មភាព និងទិសដៅបន្ដឆ្នាំ២០២២ ការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាក្រហមកម្ពុជា។

*ការលើកផែនការសកម្មភាព និងកញ្ចប់ថវិកាអប្បបរមាសម្រាប់ការងារស្របតាមវិស័យអាទិភាពទាំង៤ តាមលទ្ធភាពរបស់សាខា។

*សំណូមពរការគាំទ្រ និងលើកទឹកចិត្តពីថ្នាក់កណ្ដាលលើការងារបច្ចេកទេស ធនធានថវិកា សម្ភារៈ សម្រាប់ការងារអាទិភាពរបស់សាខា។

*បញ្ហាប្រឈមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ផែនការសកម្មភាពលេចធ្លោមួយចំនួន ត្រូវបានអាក់ខានក្នុងការអនុវត្ត។

*ការចែករំលែកបទពិសោធន៍ការងារ លើកកម្ពស់សុវត្ថិភាពចរាចរណ៍កម្រិតសាខានីមួយៗ៕