(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសម្មិទ្ធផលមួយចំនួន ស្ថិតនៅវត្តដូនច្រែង ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលលោកបានផ្តួចផ្តើមគំនិតកសាងជាមួយ សប្បុរជន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងពិធីនាទឹកដីកំណើតរបស់ខ្លួន ខាងលើនេះ លោកឧត្តមសេនីយ៍ ស្នងការក៏បាននាំយកមួកសុវត្ថិភាពចំនួន១០០មួក ប្រេងកូឡាចំនួន ៥០០ដបចែកជូនប្រជាពលរដ្ឋ ព្រមទាំងដឹកនាំក្រុមការងារស្តារ និងជីកស្រះនៅក្នុងវត្ត សម្រាប់ជាកន្លែងស្តុកទឹក ទុកជូនចែកចាយដល់ ប្រជាពលរដ្ឋ នាពេលខាងមុខផងដែរ។

នៅព្រឹកថ្ងៃដដែលនេះ លោកស្នងការ ក៏បាននាំយកសម្ភារសិក្សាចែកជូនសិស្សានុសិស្ស និងផ្តល់ស៊ីទែនដាក់ទឹកចំណុះ១ពាន់លីត្រសម្រាប់ ដាក់នៅក្នុងសាលារៀនផងដែរ ដែលអំណោយទាំងនេះ គឺបានផ្តល់ជូនពីសំណាក់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យផងដែរ។

នៅចំពោះមុខព្រះសង្ឃ និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ លោកឧត្តមសេនីយ៍ អាត់ ខែម បានលើកឡើងនូវការរីកចំរើនជាច្រើន នូវសម្មិទ្ធផល នានាទូទាំងប្រទេស ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន គឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន និងជួយជំរុញជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕