(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា និងគណប្រតិភូ នៅទីស្តីការក្រសួង។
ថ្លែងក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី Sarah Taylor អំពីការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាល កូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព អាចកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយខ្លួនឯង ដោយមិនពឹងលើបរទេស តម្រូវការគាំទ្រចាំបាច់លើការរៀបចំកម្មវិធីសិក្សា សម្រាប់សញ្ញាបត្រកសាងផ្លូវថ្នល់ ស្ពាន និងវិស្វកម្ម ជាពិសេសសាស្ត្រាចារ្យ និងការបង្រៀនតាមប្រព័ន្ធអនឡាញជាដើម តម្រូវការគ្រឿងចក្រ Stabilizer ដែលជាបច្ចេក វិទ្យាទំនើប អាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់បានយូរ ពោលគឺ៖ ប្រភេទគ្រឿងចក្រនេះប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ ដែលខូចឡើងវិញ សម្រាប់ការជួសជុលសាងសង់ ធ្វើឱ្យចំណេញថវិកា និងពេលវេលាផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការគាំទ្រទាំងឡាយលើការកសាងសមត្ថភាព និងការអភិវឌ្ឍនធនធានមនុស្ស ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងបានស្នើឱ្យលោកស្រី Sarah Taylor ពិនិត្យលទ្ធភាពទាក់ទងនឹងការគាំទ្រវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កូនខ្មែរឱ្យមានសមត្ថភាពខ្លាំងពូកែ និងតម្រូវការគ្រឿងចក្រ Stabilizer សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប លោកស្រី Sarah Taylor បានឱ្យដឹងថា កាណាដាមានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាល សម្រាប់ការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន (Clean Technology) និងបានស្នើឱ្យក្រសួងកំណត់នូវវិស័យនានា ដែលជាតម្រូវការចាំបាច់និងអាទិភាពរបស់ខ្លួន សម្រាប់ការបណ្ដុះបណ្ដាលទាំងនោះ។
ជាងនេះទៅទៀត កាណាដាមានជំនាញបច្ចេកទេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយមិនធ្វើឱ្យបរិស្ថានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចផ្តល់ប្រឹក្សាឱ្យកម្ពុជាបាន ហើយកំពុងស្វែងរកដៃគូនៅក្នុងស្រុក ជាពិសេសសាកលវិទ្យានានា ដើម្បីសហការរួមគ្នាអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់សិស្ស-និស្សិតកម្ពុជាផងដែរ។
បន្ថែមពីលើនេះលោកស្រី Sarah Taylor ក៏បានលើកឡើងអំពីការផ្តល់អាហារូបករណ៍របស់កាណាដា ជូនដល់បណ្ដាប្រទេសអាស៊ានទាំងអស់ លើជំនាញជាច្រើន សម្រាប់ការកសាងសមត្ថភាព ការបញ្ជូនសាស្ត្រាចារ្យមកធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់ បទពិសោធន៍ និងការអនុវត្តល្អរបស់កាណាដាទាក់ទងនឹងគោលការណ៍ភាព ជាដៃគូរដ្ឋនិងឯកជន (PPP) សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការចរចាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា។
ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើបច្ចុប្បន្នភាពជូនលោកស្រី Sarah Taylorអំពីគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន៖ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងទាំងនេះផងដែរ៕