(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងវេទិកា ស្ដីពីសិទ្ធិអ្នកសារព័ត៌មាន និង អ្នកសារព័ត៌ពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ដោយបានផ្ដល់យោបល់ដល់អ្នកសារព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងការពង្រឹងអភិបាលកិច្ចល្អនេះ។

ក្រោយពីបានបើកវេទិកាមួយស្ដី ពីសិទ្ធិអ្នកសារព័ត៌មាន និងអ្នកសារព័ត៌ពលរដ្ឋ ដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រួចមក លោករដ្ឋមន្រ្តីបានផ្ដល់ជាគំនិតយោបល់ ក្នុងសន្និសីទកាសែតថា «ដើម្បីពង្រឹងអភិបាលកិច្ចល្អ អ្នកសារព័ត៌មានត្រូវតែបំពេញការងារ ស្របតាមវិជ្ជាជីវៈខ្លួនឱ្យបានត្រឹមត្រូវ»

លោកថា «ដើម្បីពង្រឹងអភិបាលកិច្ចល្អ អ្នកសារព័ត៌មានត្រូវស្វែងរកព័ត៌មានពិតប្រាកដ ហើយត្រូវទទួលខុសត្រូវក្នុងការផ្សាយព័ត៌នោះ»

លោករដ្ឋមន្រ្តី បានបន្តទៀតថា អ្នកសារព័ត៌មានពលរដ្ឋ មិនចាំបាច់មានសញ្ញាប័ត្រច្រើនទេ គ្រាន់តែធ្វើការមានបទពិសោធន៍យូរៗទៅ នឹងយល់ច្រើនក្លាយជាអ្នកសារព័ត៌មានអាជីព ពិតប្រាកដហើយ ហើយពលរដ្ឋក៏អាច ផ្ដល់ដំណឹងមកអ្នកសារព័ត៌មាន បន្ទាប់មកអ្នកសារព័ត៌មាន សរសេរចេញជាកាសែតបន្តទៀត។

សូមបញ្ជាក់ថា វេទិកាខាងលើនេះ ក៏បានធ្វើឡើងដើម្បីចូលរួមអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភពលោក០៣ ឧសភា ១៨៨៦-០៣ ឧសភា ២០១៦៕