(តាកែវ)៖ សាលាឆាន់ថ្មីមួយខ្នង ក្នុងវត្តអង្គកំណប់ ស្ថិតភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ តម្លៃប្រមាណជា ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ នៅថ្ងៃទី១ ខែឧសភាម្សិលមិញនេះ ក្រោមអធិបតីភាព លោក ឃឹង សារ៉ាត នាយករង មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ តំណាងរបស់ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។

សាលាឆាន់ថ្មីដែលបម្រើ ដល់វិស័យព្រះពុទ្ធសាសនានេះ មានទំហំ២០ម៉ែត្រ គុណនឹង២៥ម៉ែត្រ ធ្វើពីថ្មប្រកក្បឿង ចំណាយថវិកាសាងសង់ ដោយលោក ឃឹង សារ៉ាត់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយត្រូវប្រើរយៈពេលសាងសង់អស់ ១ឆ្នាំ។

ពិធីសម្ពោធសាលាឆាន់ថ្មីនោះដែរ មានការអញ្ជើញចូលរួមពីបណ្តាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ហើយក្នុងឱកាសនោះ លោក ឃឹង សារ៉ាត់ បាននាំយកថវិកាមួយចំនួនរបស់ឧត្តមសេនីយ៍ ម៉ក់ ជីតូ  ទៅចែកជូនលោកយាយ លោកតា ប្រជាពលរដ្ឋមួយចំនួន និងបានចូលបច្ឆ័យក្នុងពិធីបុណ្យផងដែរ។

លោក ឃឹង សារ៉ត់ បានថ្លែងថា ប្រទេសកម្ពុជាមាន សុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។  រហូតដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ មានការរីកលូតលាស់យ៉ាងខ្លាំង ហើយវត្តអារាម បានរីកសុះសាយលើផ្ទៃប្រទេស ខណៈព្រះសង្ឃកើនឡើង រហូតដល់រាប់ម៉ឺនអង្គ ទូទាំងប្រទេស៕