(ប៉ារីស)៖ យន្តហោះចម្បាំងរបស់ប្រទេសបារាំង បានធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែក ទៅលើមូលដ្ឋានស្នូលពីរទីតាំងរបស់ពួក ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយក្នុងនោះគ្រាប់បែក និង សព្វាវុធជា ច្រើនដែលក្រុមភេរវករនេះ ទុកសម្រាប់ធ្វើការវាយប្រហារអត្តឃាតនោះ ត្រូវបានបំផ្លាញខ្ទេចខ្ទី។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០១៦។

តំបន់ទាំងពីរដែលបានទទួលរងការវាយប្រហារខាងលើនេះ ស្ថិតនៅក្នុងស្រុក Al Gaim ជាប់ព្រំដែនរវាង អ៊ីរ៉ាក់ និង ស៊ីរី ហើយការធ្វើការ វាយប្រហាររហូតដល់ទៅពីរលើក ពីសំណាក់យន្តហោះចម្បាំងបារាំងនេះ ក៏ព្រោះតែតំបន់ខាងលើ មានភូមិសាស្ត្រស្មុគស្មាញ និង ធំទូលាយ។

គួរបញ្ជាក់ថា បារាំងគឺប្រទេសអឺរ៉ុបដំបូងគេ ដែលបានចូលរួមក្នុងប្រតិបត្តិការផ្លូវអាកាសរបស់ សម្ព័ន្ធមិត្តក្នុងការវាយប្រហារកម្ចាត់ក្រុម សកម្មប្រយុទ្ធ ISIS តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។ បន្ទាប់ពីការពួតដៃ ជាមួយអាមេរិក ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មកទឹកដីជាច្រើន ត្រូវបាន រឹបអូសពី ISIS មកវិញ ហើយកម្លាំងរបស់ក្រុមនេះ ក៏មានការថមថយជាលំដាប់ផងដែរ ពីប្រទេស អ៊ីរ៉ាក់ និងមួយផ្នែករបស់ ប្រទេសស៊ីរី៕