(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការ និងយុទ្ធវិធីថ្មើរជើងថ្នាក់ កងអនុសេនាតូច កងអនុសេនាធំ ដល់នាយពលទាហាន មកពីគ្រប់កងឯកភាពចំណុះឲ្យយោធភូមិភាគទី៣ នៅសាលាពលទាហានទី៣ដោះកញ្ជរ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ មាស សុភា ក៏បានបំពាក់ឋានន្តរស័កិ្តជូននាយទាហាន របស់សាលាចំនួន៧៩នាក់ផងដែរ រួមមាន ថ្នាក់វរសេនីយ៍ឯក៦រូប ថ្នាក់វរសេនីយ៍ទោ៣៧រូប ថ្នាក់វរសេនីយ៍ត្រី៣៦រូប និងប្រកាសផ្លាស់ប្តូរមុខងារនាយទាហានចំនួន២រូប។

ក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ត្រី ទុន ណម នាយកសាលាពលទាហានទី៣ បានបញ្ជាក់ថា យោងតាមផែនការហ្វឹកហ្វឺនឆ្នាំ២០១៦ របស់គណៈកម្មការហ្វឹកហ្វឺន និងសច្ចាប័ន្តស្តីពីការងារហ្វឹកហ្វឺនរបស់ កងទ័ពជើងគោក​ សាលាពលទាហានទី៣ បានដំណើការបើកវគ្គហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការ និងយុទ្ធវិធីថ្នាក់កងអនុសេនាតូច ថ្នាក់កងអនុសេនាធំ១វគ្គ ដែលមាន នាយ ពលទាហាន មកពីគ្រប់កងឯកភាពចំណុះចូលហ្វឹកហ្វឺន សរុបសំរាប់វគ្គហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការមានសិក្ខាកាមសរុប១៥០នាក់ ដែលមានរយ: ពេល៤៥ថ្ងៃលើខ្លឹមសារមេរៀនយោ អប់រំចិត្តសាស្ត្រ និងយោធារួម។ ដោយឡែក សំរាប់វគ្គហ្វឹកហ្វឺនថ្នាក់យុទ្ធវិធីមានសិក្ខាកាមសរុប ១០០នាក់ហ្វឹកហ្វឺន រយៈពេល៣ខែលើខ្លឹមសារមេរៀនដូចគ្នាដែរ៕