(ព្រៃវែង)៖ ក្រោយពីទទួលបានព័ត៌មាន អំពីការលង់ទឹកស្លាប់របស់យុវតី២នាក់ នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំពានរោង បាននាំយកមូលនិធិរបស់សម្តេចក្រឡាហោម ស ខេង យកទៅប្រគល់ជូនក្រុមគ្រួសារ នៃសពដើម្បីចូលរួមធ្វើបុណ្យ និងសម្រាប់ការកាត់បន្ថយលើការចំណាយផ្សេងៗ។

អំណោយដែលជាមូលនិធិរបស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះត្រូវបានលោក គង់ ម៉េងឃាង តំណាងលោក អ៊ី សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិ ឃុំពានរោងយកទៅប្រគល់ជូនគ្រួសារសព និងគ្រួសាររបស់យុវតីដែលកំពុងជួយសង្គ្រោះដោយសារតែហេតុការណ៍នេះផងដែរ។ សម្រាប់គ្រួសារយុវតីដែលស្លាប់ទាំង២គ្រួសារ បានទទួលថវិកា២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម និងម៉ី០២កេស ហើយសម្រាប់គ្រួសារដែលរងគ្រោះ និងកំពុងសម្រាកព្យាបាលនោះទទួលបាន១០ម៉ឺនរៀល ម៊ី០២កេស។

សូមបញ្ជាក់ថា កាលពីម្សិលមិញ យុវតី៣នាក់ ពេលទៅជីកក្ដាមនៅវាលស្រែ ស្រាប់តែចុះលាងជើងក្នុងទឹកស្រះក៏ បាក់ដីមាត់ស្រះលង់ទឹក បណ្ដាលឱ្យលង់ស្លាប់២នាក់ និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ មន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះលង់ទឹកនោះមាន៣នាក់ ទី១ឈ្មោះ ហាន គន្ធា អាយុ១៤ឆ្នាំ (ស្លាប់) ទី២ឈ្មោះ អាន វណ្ណលីដា អាយុ១៥ឆ្នាំ (ស្លាប់) និងទី៣ឈ្មោះ ស៊ាត ចរយា អាយុ១៤ឆ្នាំ ត្រូវបានសង្គ្រោះទាន់ពេល។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕