(កំពង់ធំ)៖ អតីតសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពង់ធំ ប្រមាណ ២៧០នាក់ទៀត បានសម្រេចចិត្តចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាបក្សដែលបានធ្វើពលីកម្មដើម្បីជាតិ និងប្រជាជន ហើយបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់សង្គមកម្ពុជា។
ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំង២៧០នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០២ នៅស្នាក់ការបក្សប្រជាជនកម្ពុជា ក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រី ឃួន ឃុនឌី បានកោតសរសើរគណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុមការងារទាំងអស់ ដែលបានខិតខំ ផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកស្រីបានណែនាំដល់សមាជិកគណបក្សថ្មី ឲ្យខិតខំបំពេញភារកិច្ចជូនគណបក្ស ដូចមានចែងយ៉ាងច្បាស់ ក្នុងលក្ខន្តិកៈរបស់គណបក្ស និងលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងភាពវិវឌ្ឍន៍រីកចម្រើនរបស់ ប្រទេសជាតិ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេស ឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។
លោកស្រី បានលើកឡើងថា ការសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីអនាគតដ៏ភ្លឺស្វាង របស់ខ្លួនយើង គ្រួសារយើង សង្គមជាតិយើងទាំងអស់គ្នា ហើយវាជាទង្វើដ៏ត្រឹមត្រូវបំផុតដើម្បីគាំទ្រនិងរក្សានូវសុខសន្តិភាព បរណភាពទឹកដី គាំទ្រការអភិវឌ្ឍន៍ ប្រទេសជាតិ។
លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់សមាជិកសមាជិកា ទើបទទួលស្គាល់ថ្មីទាំងអស់ រួបរួមគ្នាបន្តគាំទ្រ គោលនយោបាយ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម។
ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ ឲ្យបានទូលំទូលាយទាន់ ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះ ទៅដណ្តើមជ័យជម្នះតាមការរំពឹងទុក សម្រាប់ការបោះឆ្នោតឆ្នាំ ២០២២-២០២៣ នាពេលខាងមុខនេះ៕