(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានថ្លែងថា បញ្ហាបន្តរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៃវិធានការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋមួយចំនួន ត្រូវបានអនុវត្តដោះស្រាយជោគជ័យជាបណ្ដើរៗហើយ បន្ទាប់ពីមានការចូលរួមសហការដោយអាជីវករលក់ដូរផ្សេងៗ និងប្រជាពលរដ្ឋ ហើយទួលបានការអបអរសាទរផងដែរ ពីសំណាក់អ្នកធ្វើចរាចរតាមដងផ្លូវ។

លោក ជា ពិសី បានថ្លែងយ៉ាងដូច្នេះ ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងបានចាត់ឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសហការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយតាមដងផ្លូវ ក្រោយពីមានអាជីវករតាំងអីវ៉ាន់លក់ដូរផ្សេងៗរំលោភលើចិញ្ចើមផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរដល់អ្នកថ្មើរជើង ហើយតែងតែកកស្ទះចរាចរណ៍ និងបាត់បង់ទាំងសណ្តាប់ធ្នាប់ ស្ថិតនៅខាងលិចរបងវិទ្យាល័យសន្ធរមុខ និងតាមបណ្ដោយផ្លូវលេខ២៥៣ កែងផ្លូវលេខ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២៕