(ភ្នំពេញ)៖ អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប និងអតីតថ្នាក់ដឹកនាំបក្សនេះ៤រូបទៀត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយ លោក ញឹក ប៊ុនឆៃ។
អតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងនោះ រួមមាន៖ លោក ញ៉េប ប៊ុនជិន អតីតអនុប្រធានបក្ស, លោក សាយ ហាក់ អតីតអនុប្រធានបក្ស, លោក ហេង ចន្ថា អតីតអនុប្រធានបក្ស, លោក យឹម សាវី អតីតអនុប្រធានបក្ស, លោក ផាន់ សិទ្ធី អតីតអ្នកនាំពាក្យ និងជាអនុប្រធានបក្ស, លោក ឈឹម ឈន អតីតគណៈកម្មាធិការនាយក ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋានចំនួន៣រូបទៀត។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គណបក្សខ្មែររួបរួមជាតិរបស់លោក ស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលដោយសេចក្តីរីករាយយ៉ាងក្រៃលែង ចំពោះការសម្រេចចិត្តរបស់អតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានធ្វើការសម្រេចចិត្តមករួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ ដើម្បីពង្រឹងអ្នករាជានិយម សីហនុនិយម ឱ្យក្លាយទៅជាគណបក្សមួយរឹងមាំឡើងវិញ។
បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច, ការចាកចេញពីសំណាក់អតីតថ្នាក់ដឹកនាំគណបក្សគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងនេះ គឺមិនបានជះផលអាក្រក់ណាមួយដល់គណបក្សហ្វ៊ុនសិនប៉ិចបច្ចុប្បន្ននោះទេ ពីព្រោះថ្នាក់ដឹកនាំគណបក្សហ្វ៊៊នស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានត្រៀមលក្ខណៈរួចជាស្រេច។
គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ជាគណបក្សធំមួយ ដែលទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ក្រោយមក គណបក្សនេះបានបែកបាក់ជាបន្តបន្ទាប់ ចុះទន់ខ្សោយបន្តិចម្តងៗ រហូតគ្មានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភា៕